ស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ មន្ត្រីនគរបាលអន្តោប្រវេសន៍ មានការប្ដេជ្ញាខ្ពស់ បន្តខិតខំបំពេញការងារ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ មន្ត្រីនគរបាលអន្តោប្រវេសន៍ មានការប្ដេជ្ញាខ្ពស់ បន្តខិតខំបំពេញការងារ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបានដាក់ចេញវិធានការប្រើម៉ាស់ ស្រោមដៃ និងបាញ់ទឹក ឬថ្នាំសម្លាប់មេរោគជាប្រចាំ។ យ៉ាណាក៏មានមន្ត្រីអន្តោប្រវេសន៍មួយចំនួន ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយភ្ញៀវ ចេញចូលអាកាសយានដ្ឋាន ដែលត្រូវបានរកឃើញថា ផ្ទុកវីរុសកូវីដ១៩ ប៉ុន្តែជាសំណាងល្អ ពួកគាត់ត្រូវបានពិនិត្យថា មិនបានឆ្លងនោះទេ។
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម តំណាងមន្ត្រីអន្តោប្រវេសន៍ នៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កងកេង និងសៀមរាប បានអញ្ជើញថ្លែងរបាយការណ៍ ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានចាត់ទុកវត្តមាន ដ៏ឧត្តុងឧត្តមរបស់សម្ដេច នាឱកាសនេះថា ជាការលើកទឹកចិត្ត និងផ្ដល់ថាមពលដ៏ខ្លាំងក្លា ដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ សម្រាប់ការខិតខំបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិដោយស្មោះស្ម័គ្រ។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ សំណេះសំណាលប្រកបដោយអត្ថន័យ យកចិត្តទុកដាក់ និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅបំផុត ដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអាកាសយានដ្ឋាន ដែលបានខិតខំរួមគ្នា បំពេញការងារប្រកបដោយ ការទទួលខុសត្រូវ គោរពតាមវិជ្ជាជីវៈ បង្កលក្ខណៈសម្បត្តិយ៉ាងច្រើន ដល់ភ្ញៀវបរទេស និងប្រជាពលរដ្ឋខ្មែរ ដែលចេញ និងចូលប្រទេសកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ពិភពលោកកំពុង រួមដៃគ្នាប្រយុទ្ធនឹងសង្គ្រាម ដ៏កាចសាហាវមួយ ដែលមិនមែនជាសង្គ្រាមលោក សង្គ្រាមប្រដាប់អាវុធ ឬសង្គ្រាមក្នុងតំបន់អ្វីនោះទេ ប៉ុន្តែគឺជាសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតដ៏កាចសាហាវ ហើយមកដល់ពេលនេះ យើងបានដឹងថា មានប្រទេសជិត១៨០ ដែលបានឆ្លងជំងឺនេះ ក្នុងនោះក៏មានកម្ពុជាយើងដែរ។
សម្ដេចបានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ ជំងឺនេះបានរាលដាល និងសម្លាប់មនុស្សជាបន្តបន្ទាប់ ជាក់ស្ដែងចាប់ពីម៉ោង៦ព្រឹកថ្ងៃម្សិលមិញ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៤មីនានេះ មានអ្នកឆ្លងជាមេរោគនេះថ្មី ដល់ទៅជាង៤ម៉ឺន១ពាន់នាក់ ដែលជាចំនួនច្រើន។ ផ្អែកលើវេបសាយព័ត៌មានបរទេសមួយ សម្ដេចក្រឡាហោម បានបន្ថែមថា មានមនុស្សស្លាប់ជាមធ្យម២ពាន់នាក់ ក្នុងមួយថ្ងៃ ដោយសារជំងឺកូវីដ១៩នេះ។
សម្ដេចបានរំលឹកជាថ្មីទៀត ពីសវតារនៃការរីករាលដាលមេរោគកូវីដ១៩ និងបានទាញចំណាប់អារម្មណ៍ថា រហូតមកដល់ពេលនេះ ថ្វីដ្បិតថាកូវីដ១៩ បានផ្ទុះចេញដំបូង ពីតំបន់វូហានប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន បាននិយាយខុសគ្នា ពីប្រភពដើម នៃមេរោគនេះ ដោយខ្លះបានសន្និដ្ឋានថា វាមិនមែនមានកំណើត នៅវូហាននោះទេ។ យ៉ាងណាក៏ដោយបញ្ហានេះ ត្រូវបានសម្ដេច គូសបញ្ជាក់ថា ជាបញ្ហាបន្ទាប់ទេ ហើយបញ្ហាធំគឺនាំគ្នាប្រយុទ្ធនឹងជំងឺនេះ។
សម្ដេចបានមានប្រសាសន៍ថា ឥឡូវជំងឺនេះ បាននិងកំពុងប្រឈមខ្លាំង នៅតំបន់អឺរ៉ុប និងអាមេរិក ហើយបញ្ហាប្រឈមធំបំផុតនោះ គឺជំងឺនេះមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជាក់លាក់នៅឡើយ។ សម្ដេចបានបន្ថែមថា នៅពេលនេះ ទន្ទឹមនឹងការព្យាបាលអ្នកជំងឺ និងការខិតខំស្រាវជ្រាវរកថ្នាំ និងវ៉ាក់សាំងនោះ វិធានការចាំបាច់បំផុតនោះ គឺការដាក់ឱ្យពលរដ្ឋនៅតែក្នុងផ្ទះ ដែលពលរដ្ឋស្ទើតែ១ភាគ៤ លើពិភពលោក បានអនុវត្តវិធានការស្នាក់នៅក្នុងផ្ទះ។
យ៉ាងណាក៏ដោយ ដោយសារពលរដ្ឋប្រទេសខ្លះ មិនគោរពតាមវិធានការ ស្នាក់នៅក្នុងផ្ទះ និងបំពានការហាមប្រាមសកម្មភាព ដែលនាំឱ្យងាយឆ្លងជំងឺ COVID19 ទើបបានជាធ្វើឱ្យអត្រាឆ្លង មានការហក់ឡើងខ្លាំង ខណៈទំនាក់ទំនងរវាងប្រទេស និងប្រទេសប្រជាជាជន និងប្រជន លើគ្រប់វិស័យ ក៏ត្រូវបានកាត់ផ្ដាច់ ឬបង្កើនការរឹតបន្តឹង ដូចជាការបិទព្រំដែន បិទជើងហោះហើយ ការផ្អាកពិធីជួបជុំសាសនា អាពាហ៍ពិពាហ៍ ការបិទទីកម្សាន្ត ជាដើម គឹត្រូវបានរដ្ឋាភិបាល ស្ទើរគ្រប់ប្រទេសអនុវត្ត។
សម្រាប់ប្រទេសកម្ពុជា សម្ដេចបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មិនមានជើងហោះហើយទេ ខណៈព្រំដែនគោកជាមួយវៀតណាម ដែលបានបិទនោះ ភាគីទាំងពីរ បានទុកតែការផ្លាស់ប្ដូរទំនិញ ក្រោមលក្ខខណ្ឌរឹតបន្តឹង។ ដោយឡែកព្រំដែនជាមួយថៃ សម្ដេចបានមានប្រសាសន៍ថា មានភាពខុសគ្នាជាមួយវៀតណាម ដ្បិតកម្ពុជា មានប្រជាជនចេញចូលច្រើន ហើយពួគាត់ក៏បានសម្រុកមកប្រទេសវិញ ក្នុងអំឡុងពេលថៃ បានប្រកាសបិទច្រកទ្វារ ជាបន្តបន្ទាប់នោះ។
សម្ដេចបានបន្ថែមថា ច្រកទ្វារព្រំដែនកម្ពុជាថៃ ក៏ដូចគ្នានឹងច្រកព្រំដែន ជាមួយវៀតណាមដែរ គឺការផ្លាស់ប្ដូរទំនិញ នៅតែដំណើរការជាធម្មតា ហើយចំពោះការសម្រុកវិលមកប្រទេសវិញ ពីសំណាក់ពលរដ្ឋខ្មែរ ពីប្រទេសថៃនោះ សម្ដេចបានផ្ដល់ការពន្យល់ថា ដោយសារតែសកម្មភាពអាជីវកម្ម ឬការងារនៅប្រទេសថៃ ត្រូវបានផ្អាក ដែលធ្វើឱ្យពួកគាត់ ក៏ដូចជាពលរដ្ឋថៃដែរ ត្រូវនៅទំនេរច្រើន ដូច្នេះហើយបានជាពួកគាត់ សម្រេចវិលមកប្រទេសវិញតែម្ដង។
ពាក់ព័ន្ធនឹងវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ ហើយសម្ដេចតេជោ ក៏បានចេញសារាចរ ណែនាំជាបន្តបន្ទាប់ដែរ។ ដោយឡែកក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការដោយឡែក ដោយបានបិទសាលាបណ្ដុះបណ្ដាលនគរបាលទូទាំងប្រទេស និងបានដាក់ចេញវិធានការ ជាក់ស្ដែងមួយចំនួន ដូចជានៅតាមពន្ធនាគារ និងកន្លែងប្រមូលផ្ដុំកងកម្លាំងជាដើម។
សម្ដេចក៏បានមានប្រសាសន៍ អំពីការត្រៀមរៀបចំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ ចេះម្ចាស់ការ ការពារខ្លួនឯង ដែលជាកត្តាគន្លឹះបំផុត ដោយសម្ដេចបានមានប្រសាសន៍ថា នឹងណែនាំឱ្យមានការរៀបចំសារខ្លី ច្បាស់ៗ ដើម្បីចែកចាក់ផ្សាយតាមម៉ូតូ ឬមធ្យោបាយធ្វើដំណើរ។ សម្ដេចបានស្នើអភិបាលរាជធានី ខេត្ត រៀបចំអនុវត្ត ដោយក្រសួង នឹងរៀបចំខ្លឹមសារ នៃសារអប់រំនេះ ហើយក្រុមការងាររដ្ឋបាល នៅនឹងកន្លែងទាំងអស់ ត្រូវត្រៀមមធ្យោបាយ ដើម្បីអនុវត្តជារៀងរាល់ថ្ងៃ ពិសេសក្នុងពេលបងប្អូនខ្មែរ ចាប់ផ្ដើមវិលពីប្រទេសថៃ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ ណែនាំបន្ថែមពាក់ព័ន្ធ នឹងតួនាទីភារកិច្ច មន្ត្រីនគរបាលអន្តោប្រវេសន៍ ដោយសម្ដេច បានណែនាំឱ្យបន្តពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជិវៈ ទប់ស្កាត់ការជ្រៀត ចូលពីក្រុមមនុស្ស បង្កបញ្ហាដល់ប្រទេសជាតិ រួមគ្នាខិតខំប្រឹងប្រែង ជាមួយក្រុមចត្តាឡីស័កត្រួតពិនិត្យ រកអ្នកសង្ស័យ និងត្រូវការពារខ្លួនឯង ឱ្យបានល្អទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សម្ដេចក៏បានមានប្រសាសន៍ ផ្ដល់ការលើកទឹកចិត្ត ដោយចាត់ទុកមន្ត្រីនគរបាល អន្តោប្រវេសន៍ ប្រៀបបានយុទ្ធជន ក្នុងសមរភូមិកូវីដ១៩ បន្ទាប់ពីគ្រូពេទ្យ។ សម្ដេចបានមានប្រសាសន៍ថា នេះគឺជាភាពក្លាហាន និងការរក្សាបាននូវឧត្តមគតិជាតិ និងប្រជាជន របស់កម្លាំង នគរបាលអន្តោប្រវេសន៍។ សម្ដេចក៏បានណែនាំ ឱ្យម្ចាស់ខុនដូ ផ្ទះសំណាក់ សណ្ឋាគារ មេភូមិ មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ត្រូវក្ដាប់ឱ្យបាននូវត្តមាន ចេញចូលរបស់ជនបរទេស ឬអ្នកចំណូលថ្មី។
ឆ្លៀតក្នុងឱកាស សំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ ពីការត្រៀមប្រកាស ឱ្យអនុវត្តនូវអនុក្រឹត្យថ្មីមួយ ដែលពាក់ព័ន្ធនឹងការរឹតបន្តឹង ការផាកពិន័យ អ្នកល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ សម្ដេចបានមានប្រសាសន៍ថា ទន្ទឹមនឹងការព្រួយបារម្ភ នឹងជំងឺកូវីដ១៩នេះ គ្រោះថ្នាក់ចរាចរណ៍ ក៏មិនមានការថមថយដែរ ពិសេសអត្រាអ្នកស្លាប់ ដែលមានប្រមាណ៥នាក់ ជារៀងរាល់ថ្ងៃ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារអាកាសអន្តរជាតិទាំងអស់ នឹងខិតខំបំពេញភារកិច្ច ព្រមទាំងថែទាំងសុខភាពខ្លួនឯង ឱ្យបានល្អ ចៀសផុតពីជំងឺកូវីដ១៩។ សម្ដេច ក៏បានប្រកាស និងផ្ដល់ជូននូវម៉ាស់ ចំនួន១១០០០ម៉ាស់ ស្រោមដៃ៦ពាន់គូ ជេលសម្លាប់មេរោគ៥០០ដប និងអាល់កុលលាងដៃ ៨០០លីត្រ ជូនប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រះសីហនុ និងកងកេង៕