រដ្ឋាភិបាលកូរ៉េ អនុញ្ញាតឲ្យពលករគំរូ ពន្យារពេលស្នាក់នៅបានដល់៥០ថ្ងៃ, បើពលករខ្មែរគ្មានកន្លែងស្នាក់នៅ អាចទាក់ទងមន្ត្រីស្ថានទូត

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ខណៈដែលពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។
ស្ថានទូតកូរ៉េបញ្ជាក់ទៀតថា ពលករគំរូដែលចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យារការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។
ជាមួយគ្នានេះ ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានមកស្នាក់ នៅឯផ្ទះស្នាក់នៅបណ្តោះ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម៕