បុគ្គលិកកាស៊ីណូ ជាជនជាតិថៃ បន្តចាកចេញពីកម្ពុជា ទៅថៃវិញ
ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទកាស៊ីណូ នៅទូទាំងប្រទេសកម្ពុជា ដើម្បីការពារការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩មកនោះ ពលរដ្ឋថៃធ្វើការនៅព្រំដែន សរុបទាំងអស់ជិត ១០០០នាក់ បាននិងកំពុងវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ។
នៅបរិវេណច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមានជនជាតិថៃដែលធ្វើការនៅកាស៊ីណូចំនួន៤០១នាក់ ក្រោយពីមានការត្រួតពិនិត្យឯកសារ ត្រឹមត្រូវហើយ រួចមក សមត្ថកិច្ចអាជ្ញាធរថៃ បានយករថយន្តរបស់ទាហាន មកដឹកពួកគេទៅសាលារៀន មួយកន្លែង ក្នុងស្រុកអារញ្ញ ដើម្បីពិនិត្យសុខភាព ម្ដងទៀត ដោយនឹងបំបែកគ្នាតាមខេត្តនីមួយៗ តាមស្រុក ថាតើអ្នកណានៅទីណា។
សូមបញ្ជាក់ថា ជនជាតិថៃដែលធ្វើដំណើរចាកចេញ ពីក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរថៃ យកទៅដាក់នៅកន្លែងដែលបានរៀបចំទុក ដើម្បីតាមឃ្លាំមើលថា តើមានឆ្លងវីរុសកូវីដ-១៩ រហូតគម្រប់១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន ហើយបើអ្នកណាមិនអនុវត្តតាមឬល្មើស នឹងមានទោសតាមច្បាប់ខ្ពស់បំផុតគឺ ជាប់គុកមិនលើសពី១ឆ្នាំ ពិន័យមិនលើស១០០.០០០បាត សម្រាប់ជនជាតិថៃដែលមានទីលំនៅឆ្ងាយៗ ខាងសមត្ថកិច្ចនឹងរៀបចំរថយន្តក្រុងដឹកយកទៅ។
យ៉ាងណាក៏ដោយ ជនជាតិថៃ ចាកចេញពីកម្ពុជា វិលចូលប្រទេសវិញ ចាប់ពីថ្ងៃទី៣១ ខែមីនា មកទល់ពេលនេះ សរុបមានជិត១.០០០នាក់ហើយ៕