ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

86

ភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០វេលាម៉ោង៩:០០នាទី

អង្គប្រជុំបានធ្វើការពិភាក្សានិងអនុម័តតាមរបៀបវារៈដោយមានលទ្ធផលដូចខាងក្រោម៖

  ការពិនិត្យសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦នូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។

  ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦ចំនួន៣រូបឯកឧត្តមគោស៊ុំសារឿតលោកជំទាវអ៊ុនសុគន្ធានិងឯកឧត្តមចេវគឹមហេង។

  ការពិនិត្យនិងសម្រេចសេចក្តីព្រាងរបៀបវារៈទី៣ទី៤ទី៥និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៤នីតិកាលទី៦។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈលិខិតលេខ២៩៧.លស.កបចចុះថ្ងៃសុក្រ១១កើតខែចេត្រឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី៣ខែមេសាឆ្នាំ២០២០ដើម្បីស្នើសុំរដ្ឋសភាពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់នេះរួមមាន៥ជំពូកនិង១២មាត្រា

ជំពូកទី១រួមមាន២មាត្រា(ពីមាត្រា១ដល់មាត្រា២) ចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។

ជំពូកទី២រួមមាន២មាត្រា(ពីមាត្រា៣ដល់មាត្រា៤) ចែងអំពីបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ជំពូកទី៣រួមមាន២មាត្រា(ពីមាត្រា៥ដល់មាត្រា៦) កំណត់អំពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ននិងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។

ជំពូកទី៤រួមមាន៤មាត្រា(ពីមាត្រា៧ដល់មាតា្រ១០) ចែងអំពីទោសប្បញ្ញត្តិដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នបទមិនគោរពវិធានពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនិងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។

ជំពូកទី៥រួមមាន២មាត្រា(ពីមាត្រា១១ដល់មាត្រា១២) ចែងអំពីអវសានប្បញ្ញតិដែលកំណត់អំពីនិរាករណ៍និងការប្រកាសជាការប្រញាប់៕

អត្ថបទដែលជាប់ទាក់ទង