ចេញបទបញ្ជា ដាក់កំហិតការធ្វើដំណើរ នៅក្នុងប្រទេស ចាប់ពីថ្ងៃ៩ ដល់១៦ ខែមេសា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាបន្ទាន់ឲ្យអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ។
បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
បទបញ្ជារបស់រាជរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ មេសា បានបញ្ជាក់ថា “ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃប្រទេស ក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត” ។ ដែលអនុវត្តន៍ចាប់ពីម៉ោង ២៤ យប់ថ្ងៃទី ៩ នេះដល់ថ្ងៃទី ១៦ ខែមេសា គឺមិនឲ្យរថយន្ត ចេញតែម្តង។
ទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
។ រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។ រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គិភ័យ។ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ នៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ ទៅកាន់មន្ត្រីរាជរដ្ឋាភិបាលថា “ខ្ញុំសូមស្នើឲ្យមានគោលការណ៍ ដែលដឹកនាំដោយសម្តេចក្រឡាហោម ពាក់ព័ន្ធនឹងរឿងសំខាន់គឺថា មានបងប្អូនកម្មករមួយចំនួន ហាក់ដូចជាមិនយល់ស្រប អ៊ីចឹងខ្ញុំចង់ចេញបទបញ្ជា តាមរបៀបមួយគឺថា ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ គិតចាប់ពីថ្ងៃទី ១២ មិនអ៊ីចឹងទេ គឺថាកម្មកររបស់យើងនឹងធ្វើដំណើរ មិនព្រមស្តាប់បង្គាប់” ៕