ក្មួយៗកម្មករស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនឯងផង និងសុវត្ថិភាពសុខភាព សម្រាប់ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងមូលផង
ភ្នំពេញ៖ នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានចេញសារដោយថ្លែងការអរគុណដល់កូនក្មួយកម្មករទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពេលដែលបានឃើញកូនក្មួយកំពុងបន្តធ្វើការនៅក្នុងរោងចក្រ ដែលមានអនាម័យ និងសុវត្ថិភាព គឺរាជរដ្ឋាភិបាលសប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូនក្មួយៗសប្បាយចិត្ត ព្រោះបានដឹងថា កូនក្មួយកំពុងធ្វើការនៅក្នុងកន្លែង ដែលមានសុវត្ថិភាពបំផុតមួយ ស្របពេលដែលប្រទេសជាតិយើង កំពុងដាក់បម្រាមផ្អាកមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។
អរគុណកូនក្មួយកម្មករទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង។
ក្មួយៗកម្មករស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនឯងផង និងសុវត្ថិភាពសុខភាព សម្រាប់ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងមូលផង។ ប្រសិនបើមានអ្វីកើតឡើង គឺរាជរដ្ឋាភិបាល នឹងមើលថែក្មួយៗ ដែលប្រសើរជាងក្មួយៗ ស្តាប់តាមការអូសទាញញុះញង់របស់ជនអគតិមួយចំនួន គឺនៅពេលដែលក្មួយៗ ឆ្លងរោគបានសម្រេចហើយ គឺពួកគេមិនអាចមកជួយអ្វីដល់រូបក្មួយៗបានឡើយ។
អរគុណកូនក្មួយ ដែលជ្រើសរើសជម្រើសល្អ ហើយស្តាប់តាមការណែនាំ និងអំពាវនាវរបស់រាជរដ្ឋាភិបាលយើង។
ក្មួយៗសម្រេចនៅធ្វើការក្នុងកន្លែង ដែលមានសុវត្ថិភាពបំផុត ដែលប្រសើរជាងការសម្រេចទៅ សម្រាកលំហែកម្សាន្ត នៅកន្លែងដទៃ ដែលមិនមានសុវត្ថិភាព ក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ- ១៩។
អរគុណកូនក្មួយទាំងអស់គ្នា ដែលចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ដ៏កាចសាហាវបំផុតនេះ។
អរគុណក្មួយៗកម្មករកម្មការិនី ដែលមានការយល់ដឹងខ្ពស់ ចំពោះសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ក៏ដូចជា សុខភាពរបស់ក្រុមគ្រួសារ ដោយនៅបន្តធ្វើការងារជាធម្មតានៅក្នុងរោងចក្រ ស្របតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសជាតិយើង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០នេះថា កម្មករនិយោជិត នៅតែបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនមានការឈប់សម្រាក ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះឡើយ កម្មករ-កម្មការិនី នៅក្នុងរោងចក្រ ឌឺ លុច្ស (D’luxe) ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ប្រការដ៏សមស្របមួយ ក្នុងការចូលរួមបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមការអំពាវនាវណែនាំ របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋាន សហគមន៍ នៅឯស្រុកកំណើតរបស់ខ្លួន ពីជំងឺកូវីដ-១៩៕