បុរសម្នាក់ កំពុងជិះម៉ូតូ ត្រូវរថយន្តប៉ែនដឹកដី បុកស្លាប់ក្រោមរថយន្ត
ភ្នំពេញ : បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីជិះម៉ូតូ ត្រូវរថយន្តប៉ែនដឹកដីបុក កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះឈ្មោះ ឃាង នាគរាជ អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ ចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។
លោក ឯក សារ៉េន អធិការរងទទួលផែនចរាចរណ៍ បានឲ្យដឹងថា មុនកើតហេតុ បុរសអ្នកបើកម៉ូតូ ស្គុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១HW-៩៤០០ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីផ្សារព្រែកឯង ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏មានបុរសបើករថយន្តប៉ែនដឹកដី ពណ៌លឿង ពាក់ផ្លាកលេខចង្កូតស្ដាំ PO-២៥៣ បើកបញ្ជ្រាសទិសគ្នា មិនដឹងថាបត់ឆ្វេងឬស្ដាប់ ចូលយានដ្ឋាននោះទេ ។ អ្នកបើកម៉ូតូ ដួលចូលក្រោមរថយន្តត្រូវរថយន្តកិនស្លាប់មួយរំពេច រួចក៏អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ក្រោយកើតហេតុ នគរបាល ក៏ទំនាក់ទំនងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដើម្បីយករថយន្ត និងម៉ូតូ រក្សាទុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕