ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ជាចំនួន២នាក់ និងរកឃើញករណីឆ្លងថ្មី ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីពី ករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់ និងរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ២នាក់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នេះ គិតត្រឹមព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់ , អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៥នាក់ , អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល នៅទូទាំងប្រទេស ចំនួនសរុប១២២នាក់ (ស្រី៣៨) បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយមាន២នាក់៖ បុរសជនជាតិម៉ាឡេស៊ី២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារសាសនា នៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។
ករណីរកឃើញវីរុសកូរីដ១៩ថ្មី ២នាក់៖ ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ បុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាម ខាងលើ បម្រើការនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១២ មេសា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 ២ករណីថ្មី ជាសរុបប្រទេសយើងមានចំនួន ១២២ករណី និង បានព្យាបាលជាសះស្បើយចំនួន ២ករណីទៀត សរុប ៧៧នាក់ ស្លាប់គ្មាន ។ យើងពុំទាន់រកឃើញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ដូច្នេះសូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ៕