ស្ត្រីជាចុងភៅម្នាក់ បែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់ អារ ជើងខ្លួនឯង ប្រឌិតរឿង ប្រាប់ថៅកែករណីប្លន់លុយអស់២៥០០ដុល្លារ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលើកឡើងនោះទេ ការពិតជាករណីប្រព្រឹត្តិអំពើលួចដោយខ្លួនឯង ហើយប្រឌិតប្រាប់ម្ចាស់ផ្ទះនិងសមត្ថកិច្ចថាជាករណីប្លន់។
សូមបញ្ជាក់ថា នៅថ្ងៃអង្គា ទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទីល្ងាច ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ដ្រីម្នាក់ ពេលម្ចាស់ផ្ទះមិននៅ បែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់ អារ ជើងខ្លួនឯង រួចរត់ទៅបំប៉ោងសភាពការណ៍ ថាមានករណីចោរប្លន់យកលុយអស់ចំនួន២៥០០ដុល្លារ ដល់ពេលកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងដើម្បីយកលុយទៅជួយក្រុមគ្រួសារសោះ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិ ថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះជាថៅកែមានឈ្មោះ មើម រ៉ូយ៉ាល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕