ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានស្ទឹងស្ដៅ ឆ្ពោះទៅកាន់ដែន អភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពកនឹងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៥ កក្កដាស្អែកនេះហើយ

325

ព្រះវិហារ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក នឹងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ កក្កដាស្អែកនេះហើយ បន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់ ១០០% និងបានដាក់អោយប្រជាពលរដ្ឋបានឆ្លងជាបណ្ដោះអាសន្នកាលពីដើមខែមិថុនាកន្លងមកនេះ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ស្ពានឆ្លងស្ទឹងស្ដៅ ភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០៥កក្កដា២០២០ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

  សូមបញ្ជាក់ថា :លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ មិថុនា ២០២០ កន្លងទៅបានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ហើយក្នុងឱកាសពេលនោះលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសាងសង់ស្ពានស្ទឹងស្ដៅថ្មីនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការរួបរួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែស្ពានស្ទឹងស្ដៅថ្មីនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទសម្ពោធនៅឡើយទេ ដោយសារតែជំងឺកូវីដ​-១៩

   លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង ៤៨ម៉ែត្រx,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង