អាជ្ញាធររាជធានី ចាប់ផ្តើមដាំដើមឈើប្រណីតៗ ប្រមាណ២០០០ដើម នៅតាមបណ្ដោយផ្លូវចំការដូងហើយ
ភ្នំពេញ៖ គម្រោងនៃការដាំដើមឈើប្រណិត នៅតាមបណ្ដោយផ្លូវ២១៧ (ផ្លូវចំការដូង–រង្វង់មូលគួរស្រូវ) ចាប់ផ្ដើមពីស្ពានដែករហូតដល់រង្វង់មូលគូរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រជុំជាច្រើនលើកច្រើនសារកន្លងមកនេះ មកដល់ពេលនេះ បានឈានដល់ការអនុវត្តគម្រោងនៃការដាំហើយ។
ពិធីដាំដើមឈើ នៅតាមបណ្ដោយផ្លូវខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្រោមវត្តមានលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ,តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរខណ្ឌដង្កោ។
លោកសំ សាមុត បានបញ្ជាក់ឲ្យដឹងថា ដើមឈើប្រណីតដែលត្រូវដាំនេះ ធ្វើឡើងទៅតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដោយត្រូវដាំគម្លាតពីគ្នា៨ម៉ែត្រ និង ពីចិញ្ចើមផ្លូវ៥ម៉ែត្រ កូនឈើមានកំពស់៣ម៉ែត្រ ចាប់ពីស្ពានដែកចំការដូង រហូតដល់រង្វង់មូលគួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល ហើយប្រភេទកូនឈើដែលត្រូវដាំជាប្រភេទឈើធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណជិត២០០០ដើម ហើយប្រើរយៈពេលនៃការដាំចំនួន១ខែទៅ២ខែ។
លោកសំ សាមុត បានបន្តឱ្យដឹងទៀតថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្មីៗនេះ គឺបានសម្រេចអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ដោយសហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ហើយឈើដែលត្រូវដាំ មិនមែនកូនឈើតូចៗនោះទេ ពោលគឺជាប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម ដោយ ដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់ផ្ដើមដាំពី ស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ១៤គីឡូម៉ែត្រ)។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំកន្លងមកនោះលោកក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះដោយត្រូវគិតគូរអោយបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូ អោយហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោគស្តាយ ៕