សប្បុរសជន២ក្រុម ផ្តល់អង្កជាង៥០០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ អំណោយជាអង្គប្រមាណជាង៥០០តោនរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។
ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៣តុលានេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
អំណោយសរុបមានអង្កចំនួន៥០២តោន ដោយ១ក្រុមចំនួន៤៨២តោតនិងមួយក្រុមទៀតចំនួន២០តោន ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ សប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពី ក យកអង្ករាប់រយតោនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងក្រៀលដ៏លំបាក់នេះ ហើយលោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕