អភិបាលរាជធានី ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូងនិងភូមិកប់ស្រូវតូច សង្កាត់គោករការ
ទោះបីព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ
ភ្នំពេញ៖ ទោះបីព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែកូវីដ–១៩មិនបានភ្លេចយើងនោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួង ស្រេងបានចុះចែកម៉ាសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូងនិងភូមិកប់ស្រូវតូចសង្កាត់គោករការ ខណ្ឌព្រែកព្នៅដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសនេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនិងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ ។ លោកថា ព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ គឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការឆ្លងជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែកូវីដ–១៩ មិនបានភ្លេចយើងនោះទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕