បែកធ្លាយថៅកែបេនឡាន ផ្សារដើមគរប្រើកូនចៅទារលុយឡានតាក់ស៊ីលើសសៀវភៅបន្ទុកនិងបង្កភាពរញ៉េរញ៉ៃ
ភ្នំពេញ៖ នៅបេនឡានផ្សារដើមគរមិនមានសណ្តាប់ធ្នាប់នោះទេ ដោយសារថៅកែបេនឡាននេះប្រើសន្តិសុខឈរទារលុយពីក្បាលឡានតាក់ស៊ីយ៉ាងអាណាធិបតេយ្យ និងយកលើសសៀវភៅបន្ទុក ព្រមទាំងបង្កភាពរញ៉េរញ៉ៃពេញបេនផងដែរ ដោយសារតែអ្នករត់ចាប់ម៉ូយដាក់ឡាន។
អ្វី ដែលចាប់អារម្មណ៍នោះ នៅពេលដែលអ្នកយកព័ត៌មាន ចុះទៅសួរនាំត្រូវបានក្រុមអ្នករៀបចំសណ្តាប់បេន តាមថតរូបវិញចំនួន២នាក់ ព្រមទាំងតាមជាប់នៅពេលដែលសួរនាំ ហាក់ដូចជាចង់បិទបាំងរឿងមិនប្រក្រតីមួយចំនួន។
បេនរថយន្តឬចំណតរថយន្តតាក់ស៊ីផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកត្រូវបានគេដឹងថា ជាចំណុចរថយន្តតាក់ស៊ីមួយពីភ្នំពេញទៅខេត្តតាកែវ ,កំពត និងពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ ហើយត្រូវបានថៅកែបេនប្រើកូនចៅអោយយកលុយខុសពីសៀវភៅបន្ទុក។ បន្ថែមពីលើនេះទៀតថៅបេនបានបើកវិសាលភាពបេនបន្ថែមទៀតដោយបានយកលុយពីក្បាលឡានរហូតដល់មុខមជ្ឈមណ្ឌលចេនឡាថែមទៀត ដែលធ្វើអោយបណ្តោយផ្លូវម៉ៅសេទុងនិងផ្លូវនៅមុខមជ្ឈមណ្ឌលចេនឡានេះបាត់បង់សោភណ្ឌភាពនិងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។
បើតាមអ្នករត់ស៊ីពីភ្នំពេញទៅខេត្តតាកែវម្នាក់ បានអោយដឹងថា នៅតាមផ្លូវជាតិលេខ២ មានកម្លាំងនគរបាលដាក់គោលដៅចំនួន២កន្លែង នៅចំណុចស្ពានដែកមួយកន្លែង និងនៅអូរចំបក់ក្បែរទីរួមខេត្តតាកែវ ។
គោលដៅទាំង២នេះ តែងតែចេញមកកាក់ទារលុយ អោយតែឃើញរថយន្តតាក់ស៊ី មកដល់ ។ តាមអ្នករត់តាក់ស៊ីរូបនោះ បានអោយដឹងទៀតថា កន្លែងខ្លះ ទារមួយម៉ឺនរៀលដាច់និងកន្លែងខ្លះទៀត សុំបាន៥ពាន់រៀល។
នៅពេលឃាត់រថយន្ត នគរបាលទាំងនោះបានយកលេសថា ដឹកលើសចំណុច និងពេលខ្លះ ទៀតអត់ខុសអោយតែដឹងថា រថយន្តតាក់ស៊ីហៅសុំប្រាក់តែម្តង។ អ្នករត់តាក់ស៊ី ផ្សេងទៀតបានរៀបរាប់ដូចគ្នានេះដែរ។
ដោយឡែក ចំណែកនៅតាមផ្លូវជាតិលេខ៣វិញ ត្រូវបានអ្នករត់តាក់ស៊ីបានអោយដឹងថា មានគោលដៅ២កន្លែងដែរគឺនៅចំណុច អង្គតាសោម និងស្រុកឈូក ខេត្តកំពត។គោលដៅទាំង២នេះត្រូវបានកម្លាំងនគរបាលបានដាក់គោលដៅជាប្រចាំ ៕