ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ស ខេង ប្រកាសលុបបំបាត់ រឿង​កងកម្លាំង​ពន្លត់​អគ្គិភ័យ មិន​ធ្វើ​សកម្មភាព​បាញ់​ពន្លត់​អគ្គិភ័យ​ បែរជា​ទៅ​តថ្លៃ​គ្នា​រឿង​លុយ

63

 

​ខេត្តកណ្ដាល ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា មាន​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​មួយចំនួន បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ មិន​ធ្វើ​សកម្មភាព​បាញ់​ពន្លត់​អគ្គិភ័យ​ទេ បែរជា​នៅ​តថ្លៃ​ជាមួយ​ជាមួយ​ជនរងគ្រោះ ទុក​រូបភាព​បែបនេះ​នៅ​តទៅទៀត​អត់​បានទេ គឺ​ត្រូវ​លុបបំបាត់​។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ នៅ​ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១។ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅឆ្នាំ២០២០កន្លងទៅ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក៏ដោយ ជាក់ស្ដែង ឆ្នាំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីប្រធានក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួម។

តាមរបាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន ៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩ កើតឡើង ចំនួន ៤,១២១ករណី ថយចុះចំនួន ៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន ១,៩៨១នាក់ ថយចុះចំនួន ៣៣៥នាក់។

របាយការណ៍បញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ ២៤ភាគរយ, មិនប្រកាន់ស្ដាំ ១៥ភាគរយ, បើកវ៉ាជែងគ្រោះថ្នាក់ ១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង ៥ភាគរយ, កត្តាយាន ៣ភាគរយ និងងងុយ ១ភាគរយ។

​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ឡាន​ទៅដល់​ហើយ បញ្ឈរ​ច្រូងច្រាង​នៅ​កន្លែងកើតហេតុ​ហ្នឹង តែ​អត់​ទាន់​បាញ់​ទេ​។ មាន​ភ្លើង​ភ្លឹបភ្លែតៗ នៅ​ហ្នឹង ឡាន​ព្រោងព្រាត អត់​ទាន់​បាញ់​នៅ​តថ្លៃ​គ្នា​សិន​។ អាហ្នឹង​អត់​បានទេ ស្នើ​ទៅដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ពិនិត្យ និង​ត្រូវ​លុបបំបាត់​ឱ្យខាងតែបាន​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ករណីនេះ សមត្ថកិច្ច​យើង​ខុស​ហើយ ប្រតិបត្តិ​ករ​យើង​ខុស​ហើយ មិនត្រូវ​ទេ​។ អ៊ីចឹង​ហើយ​បាន​ថា​គ្រប់កន្លែង ជាពិសេស​ទីប្រជុំជន​-​ទីក្រុង គឺ​ត្រូវ​មើល​អាហ្នឹង​។ មាន​ឡានទឹក ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ លោក​ស៊ីប្រាក់ខែ​រដ្ឋ​… ការពិតហើយ ជួន​គ្នា​ប្រាក់ខែ​តិចតួច យើង​យល់​បញ្ហា​ហ្នឹង យើង​ត្រូវមាន​គោលនយោបាយ​លើកទឹកចិត្ត​។ ប៉ុន្តែ​បងប្អូន​មន្ត្រី​កងកម្លាំង​មិនត្រូវ​បំពេញបេសកកម្ម​ដោយ​យក​អាហ្នឹង​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ អាហ្នឹង​វា​អត់​ត្រូវ​ទេ គឺ​ខុស​ហើយ​។

​សម្តេច​ក្រឡាហោម លើកឡើងថា យើង​សុខចិត្ត​ថា ត្រូវ​ថែម​ប្រាក់ឧបត្ថម្ភ ឬ​ប្រាក់​លើកទឹកចិត្ត ក្នុងករណី​នីមួយៗ​ទៅដល់​កងកម្លាំង​យើង​វិញ សូមឱ្យ​គាត់​កុំទៅ​តថ្លៃ​គេ​។ តថ្លៃ​យ៉ាងម៉េច​? គ្នា​កំពុងតែ​រងគ្រោះ ភ្លើង​វា​ឆេះ​ផ្ទះ ទៅ​តថ្លៃ​ថា​ប៉ុណ្ណេះ​មក បាន​យើង​បាញ់​ឱ្យ​អាហ្នឹង​មិន​ងាប់​គ្នា​ទៀត​ទៅហើយ បាន​លុយ​ពី​ណា​ឱ្យ បើ​លុយ​វា​នៅក្នុង​ភ្លើង​អស់ហើយ​ហ្នឹង​៕

អត្ថបទដែលជាប់ទាក់ទង