ករណីដូនជី៣នាក់បងប្អូន មានវិវាទដីធ្លីជាមួយលោកស័ក្តិ៤កន្លះ នៅប៉ោយប៉ែត ត្រូវបានដោះស្រាយចប់
បោយប៉ែត៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងសារលើហ្វេសប៊ុកថា ដូនជីទាំង៣នាក់បងប្អូនមានឈ្មោះ ១)ញឹក វ៉ាន់ធី ២)ញឹក វ៉ាន់រី ៣)ញឹក សុវណ្ណនី មានវិវាទលើទីតាំងដីជាមួយ លោក ពៅ រិទ្ធី ជាប៉ូលីសវរការពារព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ ដែលមានរយៈពេលជាងមួយឆ្នាំមកហើយ។
បញ្ហាដែលកើតមានវិវាទនេះគឺនៅ ខែ កុម្ភៈ ២០១៩ លោក ពៅ រិទ្ធី បានធ្វើរបងព័ទ្ធជុំវិញយកដី៣ប្លង់ដែលឪពុកដូនជីបានទិញពីគ្រូបង្រៀនកាលពីឆ្នាំ ២០០៦ គឺក្នុងពេលដែលដូនជីបានចាក់ដីចំនួន ៣៥ឡាន បំពេញក្នុងដីរបស់គាត់។ ភាគីដូនជីក៏បានតវ៉ាជាមួយអាជ្ញាធរ ហើយឈានដល់មានការសម្របសម្រួលសះជាក្រោមអធិបតីភាព លោកអភិបាលរង កែវ តារារស្មី នៅសាលាក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ១៦ កក្កដា ២០២០ ដែលភាគីដូនជី ញឹក វ៉ានធី ព្រមទទួលយកសំណង ២ម៉ឺនបាត និងទទួលយកដី (១៨.៧០ម + ១៩.៨០ម x ២៦x៨០ម) ដែលមានផ្តិតមេដៃភាគីវិវាទទាំង២ផងដែរ។
ប៉ុន្កែក្រោយមក ភាគីដូនជី បាននិយាយថា មិនយុត្តិធម៌សម្រាប់ពួកគាត់ទេ ព្រោះទីតាំងដីដែលភាគី លោក ពៅ រិទ្ធី បានព័ទ្ធរបងយកគឺជាដីពិតរបស់គាត់ដែលគាត់បានចាក់ដីបំពេញរួចហើយ។ ការដែលគាត់ព្រមទទួលយក ២ម៉ឺនបាតនោះព្រោះគ្មានជម្រើសអ្វីដែលគាត់អាចតវ៉ាបានក្រៅពីទទួលយកដោយទឹកភ្នែកប៉ុណ្ណោះ។ ភាគីដូនជីទាំងពីរក៏បានដាក់ពាក្យគោរពសុំមកសម្តេចតេជោអោយជួយពួកគាត់ផង។
នៅថ្ងៃទី ៤ កុម្ភៈ ខ្ញុំក៏បានជួបដូនជីទាំង២ (ញឹក វ៉ាន់ធី និង ញឹក វណ្ណរី ) នៅសាលាក្រុងប៉ោយប៉ែត។ ក្រោយពីបានស្តាប់ការរៀបរាប់ដោយផ្ទាល់ពីដូនជីទាំងពីរហើយ ខ្ញុំនិងលោកប្រធានមន្ទីរសុរិយោដីខេត្ត និងលោកអភិបាលក្រុងប៉ោយប៉ែត ក៏បានចុះទៅដល់ទីតាំងដីទំនាស់ដែលនៅមិនឆ្ងាយពីក្រុងប៉ោយប៉ែត។ បន្ទាប់មកខ្ញុំក៏បានសម្របសម្រួលភាគីទាំងពីរក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ដោយភាគី ពៅ រិទ្ធី ទទួលបានដីដែលខ្លួនបានព័ទ្ធរបងរួចហើយចំនួន ៦៦៦ម៉ែត្រការ៉ែ និង ដីជាប់គ្នាចំនួន ៥៧៨ម៉ែត្រការ៉េ ទៀតជូនទៅភាគីដូនជី។ ក្នុងនោះភាគីដូនជីបានយល់ព្រមប្រគល់លុយ២ម៉ឺនបាតទៅ លោក ពៅ រិទ្ធី វិញ ដើម្បីអោយគាត់យកទៅចាក់ដីបំពេញអោយដូនជីទាំងពីនៅលើដីម្ខាងទៀតអោយស្មើដូចដីដែលគាត់បានចាក់បំពេញលើដីដែល លោក ពៅ រិទ្ធី ដែលកំពុងកាន់កាប់គ្រប់គ្រង។
ដោយមើលឃើញពីការលំបាករបស់ដូនជីទាំងពីរមិនអាចមានលទ្ធភាពរកលុយ២ម៉ឹនបាតប្រគល់ទៅភាគី លោក ពៅ រិទ្ធី ខ្ញុំបានជួយចេញ ២០០ដុល្លារ និងលោកចៅហ្វាយក្រុងប៉ោយប៉ែតបានជួយចេញ៤០០ ដុល្លារ (២ម៉ឺនបាត) ជូនទៅ លោក ពៅ រិទ្ធី ជាថ្លៃចាក់ដីបំពេញជូនទៅអោយភាគីដូនជីវិញ។ ភាគីទាំងពីរបានយល់ព្រមផ្តិតមេដៃសះជាបញ្ចប់វិវាទចុងក្រោយនៅថ្ងៃទី ៤ កុម្ភៈ ២០២១ នៅសាលាក្រុងប៉ោយប៉ែត ប្រកបដោយបរិយាកាសរំភើបរីករាយក្រៃលែង។
ឯកឧត្តម ដួង តារាបានថ្លែងថា ខ្ញុំសូមអរគុណចំពោះកិច្ចសហការដ៏ល្អពីលោកអភិបាលក្រុងប៉ោយប៉ែត គាត់ ហ៊ុល លោកប្រធានមន្ទីរដែនដីខេត្ត អាង ណារិទ្ធ លោកស្រីមេភូមិប៉ាលីលេយ្យ២ ថេង សុផារី និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ចប់វិវាទថ្ងៃនេះ។ ខ្ញុំបាទក៏សូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្តល់ឱកាសអោយខ្ញុំបានចូលរួមដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្រោមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕