ចាប់ខ្លួនបុរសម្នាក់ ពីបទ រំលោភលើទំនុកចិត្ត
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី នៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅលើផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ និងខែកុម្ភៈ ខែមីនា ឆ្នាំ២០២០ ។
ជនត្រូវចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧០ «ខ១» ដ.ច.ន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចេញដោយលោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ វ៉ាន អុល ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕