រដ្ឋបាលស្រុកស្ទឹងហាវ នឹងចាត់វិធានការកាយដីចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ
ភ្នំពេញ ៖ សេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវ ក្នុងពេលថ្មីៗនេះ ពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការនិងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនទទួលខុសត្រូវសាងសង់ កំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលាស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការវាងផ្លូវចាស់កាត់ទីតាំងដីជាប់ឆ្នេរសមុទ្រនៅទីតាំងនោះ ក៏មានប្រជាពលរដ្ឋដែលមិនស្គាល់ឈ្មោះឆ្លៀតឱកាសដើម្បីចាក់ដីចូលក្នុងសមុទ្រ ។
អនុលោមតាមសារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងយោងកំណត់ហេតុចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ និងកំណត់ហេតុចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីការចុះពិនិត្យ និងផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រស្ថិត នៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្មានលិខិតការអនុញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធរមានសមត្ថកិច្ច។
បើតាមក្រុមការងារបានសាកសួរប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅទីនោះបញ្ជាក់ថាសកម្មភាពលួចចាក់ដីនេះ បានធ្វើឡើងនៅពេលយប់។
រដ្ឋបាលស្រុកស្ទឹងហាវសូមជូនដំណឹងដល់លោក-លោកស្រី ដែលបានលួចធ្វើសកម្មភាពចាក់ដីចូល សមុទ្រនៅពេលយប់កន្លងមកនេះថា ៖ ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ការអនុញ្ញាតក្នុងការប្រើប្រាស់ ដីចំណីឆ្នេរសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ ដី និង ផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្ត និងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។
ដូចនេះរដ្ឋបាលស្រុកតម្រូវឲ្យលោក លោកស្រីដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលាធ្វើការកាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕