ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«ទិវាជាតិនៃការចងចាំ» ប្រជាពលរដ្ឋចូលរួម ថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត

177

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាពថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយ នូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។

យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹក ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាង ឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុង របបប្រល័យពូជសាសន៍នេះ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានប្រកាស ជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោល ទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នា នៅទូទាំងប្រទេសជាដើម។

គោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការ ហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបាន ឡើងគ្រប់គ្រងប្រទេស ពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅ ក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែ រក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍ វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ភាពសម្បូរសប្បាយ រុងរឿងជាងនេះថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង