ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ៖ អ្នកលក់ដូរ និងអ្នកចូលផ្សារទាំងអស់ ក្រោយបើកឡើងវិញ ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាចាំបាច់, អ្នកមិនអនុវត្តត្រូវពិន័យជាប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀល

82

 

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ហើយអ្នកលក់ដូរ និងអ្នកចូលផ្សារទាំងអស់ ក្រោយបើកឡើងវិញ ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ អ្នកមិនអនុវត្តត្រូវពិន័យជាប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀល។

អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។

អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

អភិបាលរាជធានីភ្នំពេញ បានកំណត់ឲ្យអាជីវករ សន្ដិសុខ បុគ្គលិ-កម្មករ អតិថិជនដែលចេញចូលផ្សារទាំងអស់ ក្រោយបើកដំណើរការឡើងវិញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ។

សេចក្ដីសម្រេចនេះបានឲ្យដឹងថា អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ចន្លោះពី ២០ម៉ឺនរៀល ដល់១លានរៀល»។

ក្នុងនោះ អភិបាលរាជធានីភ្នំពេញ ក៏បានហាមឃាត់ដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណីមានការជួបជុំប្រមូលផ្ដុំមនុស្សខុសពីការណែនាំនេះ នឹងត្រូវអនុវត្តការផាកពិន័យជាបន្ទាន់ ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ ២០ម៉ឺនរៀល តាមច្បាប់កំណត់ជាធរមាន។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏តម្រូវឲ្យអាជីករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង