ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ និងបញ្ជូនអ្នកផលិតស្រាស ចំនួន១៣នាក់នៅខេត្តកណ្តាល ទៅតុលាការ ក្រោយមានហេតុការណ៍ស្លាប់ និងធ្លាក់ខ្លួនឈឺ

167

 

កណ្ដាល ៖ អ្នកផលិតស្រា.ស និងអ្នកយកទៅចែកចាយបន្តសរុប១៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយអ្នកទទួលស្រារបស់ពួកគាត់ ស្លាប់ជាបន្ដបន្ទាប់ជាង១០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងតាមដានសុខភាព នៅស្រុកល្វាឯម ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ អ្នកលក់ស្រាស និងអុ្នកយកទៅចែកចាយលក់បន្តទាំង១៣នាក់នោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយអ្នកទទួលទានបានពុលស្លាប់ជាបន្ដបន្ទាប់។

ជនសង្ស័យទាំង១៣នាក់ រួមមាន៖

១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ
២- ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ
៣- ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ
៤- ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ
៥- ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ
៦- ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ
៧- ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦
៨- ឈ្មោះ អុឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ
៩- ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ
១០- ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ
១១- ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ
១២- ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ អ្នកទាំង១២ខាងលើ រស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
១៣- ឈ្មោះ ផាត់ សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមលោកនាយការិយាល័យ ក្នុងចំណោមអ្នកលក់ស្រាទាំង១៣នាក់នោះ មានអ្នកសមត្ថកិច្ចទើបតែចាប់ខ្លួនបានឈ្មោះ ប៊ូ សន អាយុ៧០ បន្ទាប់ពីនាំក្រុមគ្រួសាររត់គេចខ្លួនមួយរយៈ ក្រោយហេតុការណ៍ពុលស្រាលនេះកើតឡើងភ្លាម។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់ កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេ និង ក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។ នាយប់ថ្ងៃដដែលនេះក្រុមការងារ បានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុង ភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបាន ផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលនៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់ កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡេះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែក សន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ ដល់ថ្ងៃទី១៩ ខែឧសភា នេះ មាន ករណីស្លាប់សរុបចំនួន១៣នាក់ នៅភូមិចំនួន២គឺភូមិតាស្តរភូមិក្តីកណ្តាលឃុំសារិកាកែ ស្រុកល្វាឯម។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបាន ត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រានិងទីតាំងផលិតចែកចាយស្រាទាំង២កន្លែង ក្នុងតំបន់គោលដៅដែលកើត មាននូវករណីខាងលើ។ បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណអាហារ ចេះការជង មនការពុលស ដោយមានចែកជូននូវសារអប់រំជាដើម។

លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបាន សំណាកស្រា២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Methanol) លើស កម្រិតធំជាង០,៥ភាគរយ ( >០, ៥% ) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើង ដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពី មន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។ ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ ( ហាមដាច់ខាត) ។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺសូមប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត “។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕

អត្ថបទដែលជាប់ទាក់ទង