ជំនួប៣ម៉ោងកន្លះរវាង ចូ បៃដិន និង ស៉ី ជីនពិង គ្មានលទ្ធផល!
បរទេស៖ជំនួជាលក្ខណៈវីឌីអូរខូនហ្វឺរិន វាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៉ី ជីនពីង រយៈពេល៣ម៉ោងកន្លះ នៅថ្ងៃនេះ ហាក់មិនមានលទ្ធផលផ្លែផ្កាឡើយ បន្ទាប់ពីភាគីទាំងពីរបានចំណាយពេល ១០ខែ ក្នុងការរៀបចំឱ្យមានការជួបគ្នានេះ។ ទោះជាយ៉ាងនេះក្តី ជំនួបនេះបានជួយឱ្យភាគីទាំងពីរបញ្ចុះកម្តៅនៃភាពតានតឹងដែលកំពុងឡើងខ្លាំងនិងចៀសវាងនូវជម្លោះ។ ហើយជំនួបនេះក៏បានត្រួសត្រាយផ្លូវសម្រាប់ការជួបប្រជុំកម្រិតធម្យមនិងទាបបន្តបន្ទាប់ទៀតរវាងភាគីទាំងពីរ នាពេលអនាគត។
សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅក្រោយជំនួបនេះ ដោយគ្រាន់តែលើកឡើងថា លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងនូវបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៉ីនជាំង ដែនដីទីបេ ទីក្រុងហុងកុង កូរ៉េខាងជើង អឺរ៉ង់ អាហ្គានិស្ថាន ទីផ្សារឋាមពល ពាណិជ្ជកម្មនិងការប្រកួតប្រជែង អាកាសធាតុ បញ្ហាយោធា រោគរាតត្បាត ហើយនិងបញ្ហាផ្សេងទៀតដែលភាគីទាំងពីរខ្វែងគំនិតគ្នាជាញឹកញាប់។ ចំពោះបញ្ហាកោះតៃវ៉ាន់ លោក ចូ បៃដិន សង្កត់ថាសហរដ្ឋអាមេរិកនៅតែគាំទ្រនយោបាយចិនតែមួយ ដែលនៅក្រោមជំហរនេះ អាមេរិកទទួលស្គាល់ទីក្រុងប៉េកាំងផ្លូវការច្រើនជាងទីក្រុងតៃប៉ិ។ ពេលជាមួយគ្នា លោក ចូ បៃដិន ក៏បានសង្កត់ថា អាមេរិកប្រឆាំងយ៉ាងខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងជាឯក្តោភាគី ដើម្បីផ្លាស់ប្តូរឋានៈបច្ចុប្បន្នរបស់កោះតៃវ៉ាន់ ឬធ្វើឱ្យសន្តិភាពនិងស្ថិរភាពឆ្លងកាត់ជ្រោយសមុទ្រតៃវ៉ាន់ធ្លាក់ចុះ។
ឆ្លើយតបចំពោះការលើកឡើងអំពីបញ្ហាកោះតៃវ៉ាន់ លោកប្រធានាធិបតី ស៉ី ជីនពីង បានព្រមានថា «ជនទាំងឡាយណានៅដែនដីកោះតៃវ៉ាន់ស្វែងរកឯករាជ្យភាព រួមទាំងអ្នកគាំទ្ររបស់ពួកគេនៅសហរដ្ឋអាមេរិក កំពុងលេងជាមួយភ្លើង»។ លោក ស៉ី ជិនពីង បានប្រាប់ លោក ចូ បៃដិន ថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ បើសិនចលនាទាមទារឯករាជ្យរបស់តៃវ៉ាន់ បោះជំហ៊ានរំលងបន្ទាត់ក្រហម។
លោកប្រធានាធោបតី ស៉ី ជិនពីង ក៌បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសចិន ប្រៀបដូចជាកប៉ាល់យក្សកំពុងបើកនៅលើមហាសមុទ្រសាគរដែលត្រូវការលំនឹង និងមិនត្រូវការបុកគ្នានោះទេ។ លោក ស៉ី ថ្លែងដូច្នេះថាៈ «ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី, លោកអាចអនុវត្តភាពជាអ្នកដឹកនាំនយោបាយ ដើម្បីវិលត្រឡប់នយោបាយរបស់សហរដ្ឋអាមេរិកលើប្រទេសចិនទៅកាន់ផ្លូវសមហេតុផលនិងជាក់ស្តែងវិញ»។
លោកប្រធានា ចូ បៃដិន ក៏បានឆ្លើយតបដែលហាក់ចង់បញ្ចៀសជម្លោះដែរ។ លោកបានថ្លែងដូច្នេះថាៈ «សម្រាប់ខ្ញុំហាក់ដូចជាការទទួលខុសត្រូវរបស់យើងជាមេដឹកនាំរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវធានាថាការប្រកួតប្រជែងរវាងប្រទេសយើងទាំងពីរមិនវេរធ្លាក់ទៅក្នុងជម្លោះ មិនថាឡើយមានចេតនា ឬអចេតនា»។
លោក ចូ បៃដិន សង្កត់ពីសារសំខាន់ ស្តីពីការអនុវត្តនូវការប្តេជ្ញាចិត្តនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចរចាដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។ លោក បៃដិន បានក្រើនរំឭកលោក ស៉ី ជីនពីង ថា ប្រទេសចិនកំពុងយឺតយ៉ាវទិញទំនិញនិងសេវាកម្មរបស់អាមេរិកដែលមានតម្លៃ $២០០ពាន់លាន ប៉ុន្តែលោក ស៉ី បានថ្លែងថា វាមានសារសំខាន់ដែលត្រូវបញ្ចៀស ក្នុងការធ្ចើឱ្យបញ្ហានេះក្លាយទៅជារឿងនយោបាយ។
មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរក៏បានពិភាក្សាពីវិធានការនានា ដើម្បីដោះស្រាយការផ្គត់ផ្គង់ឋាមពលពិភពលោក។ លោក ស៉ី បានយល់ព្រមបង្កើនគន្លងផ្លូវសម្រាប់មន្រ្តីពាណិជ្ជកម្មអាមេរិកមកកាន់ប្រទេសចិន។
បញ្ហាចំពោះមុខមួយថាតើសហរដ្ឋអាមេរិកនឹងបញ្ជូនបេសកកជនសេតវិមានទៅចូលរួមកីឡាអូឡាំពិករដូវរងារនៅប្រទេសចិន នាខែកុម្ភៈ ខាងមុខ មិនត្រូវបានលើកឡើងនៅក្នុងជំនួបនេះទេ។
ទោះបីជំនួបនេះមិនមានលទ្ធផលផ្លែផ្កា ក៏ដោយ ក៏សេដ្ឋវិទូផ្តល់ពីសារសំខាន់នៃជំនួបនេះ ព្រោះវាជាក្តីរំពឹងរបស់ទីផ្សារពិភពលោក៕