ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលឡាវ សន្សំសំចៃប្រេងឥន្ធនៈ ដោយជំរុញកុំឱ្យប្រជាជនធ្វើដំណើរ បើមិនចាំបាច់

121

 

បរទេស ៖ បើតាមប្រភពពី VNA បានចេញផ្សាយព័ត៌មានថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ កំពុងជំរុញប្រជាជនឱ្យសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងកុំធ្វើដំណើរបើមិនចាំបាច់។

ការអំពាវនាវនេះ គឺដើម្បីធានាថា ប្រេងសាំងបម្រុងមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងការធ្វើកសិកម្ម និងសកម្មភាពសំខាន់ៗផ្សេងទៀត។

កសិករមួយចំនួនបានត្អូញត្អែរថា ពួកគេមិនអាចបង្កបង្កើនផលបានដោយសារកង្វះខាតប្រេងឥន្ធនៈ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស។

ខេត្តខាំមួនជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលទទួលរងការខ្វះខាតប្រេងឥន្ធនៈ ហើយម៉ាស៊ីនបូមប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនចាប់ផ្តើមស្ងួត ដែលមានន័យថា អ្នកបើកបរយានយន្តជាច្រើនមិនអាចប្រើប្រាស់យានជំនិះរបស់ពួកគេបាន។

សារព័ត៌មាន Laotian Times បានរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តសេចក្តីសម្រេចមួយដើម្បីកាត់បន្ថយពន្ធអាករទៅលើប្រេងឥន្ធនៈ ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។

ពន្ធអាករលើប្រេងម៉ាស៊ូតនឹងត្រូវបានកាត់បន្ថយពី ២១ភាគរយមកនៅត្រឹម ១១ភាគរយ ខណៈដែលពន្ធអាករលើប្រេងឥន្ធនៈនឹងធ្លាក់ចុះពី ៣១ភាគរយមកនៅត្រឹម ១៦ភាគរយ។

ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ គឺជាវិធានការបណ្ដោះអាសន្នដែលមានរយៈពេលបីខែ ហើយអាចនឹងត្រូវលុបចោលវិញប្រសិនបើស្ថានការណ៍ពិភពលោកមានការផ្លាស់ប្តូរ៕

អត្ថបទដែលជាប់ទាក់ទង