លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការសម្លាប់បុរសជាអ្នកកាន់សាសនាអ៉ីស្លាម (មូស្លីម) ៤នាក់ នៅក្នុងរដ្ឋ ញូវ ម៉ិកស៊ីកូ (New Mexico) ដែលប៉ូលិសបាននិយាយថាអាចមានជាប់ពាក់ព័ន្ធ ឬជាបទឧក្រិដ្ឋបង្កឡើងដោយការស្អប់ខ្ពើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាខឹងសម្បារ និងមានអារម្មណ៍សោកសៅជាទីបំផុត ចំពោះការសម្លាប់បុរសមូស្លីម៤នាក់ នៅក្នុងទីក្រុង អាល់ប៊ូខឺគី (Albuquerque)»។ លោកបន្ថែមថា «ខណៈយើងកំពុង រង់ចាំការស៊ើបអង្កេតពេញលេញ ខ្ញុំសូមបន់ស្រន់ជាមួយគ្រួសារជនរងគ្រោះ ហើយរដ្ឋបាលរបស់ខ្ញុំនឹងគាំទ្រយ៉ាងរឹងមាំដល់សហគមន៍មូស្លីម។ ការវាយប្រហារ ដ៏គួរឱ្យស្អប់បែបនេះ ជារឿងមិនអាចទទួលយកបានជាដាច់ខាតនៅសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ប៉ូលិសអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានរកឃើញបុរសមូស្លីមជាជនរងគ្រោះចុងក្រោយម្នាក់ ក្នុងទីក្រុង អាល់ប៊ូខឺគី បន្ទាប់ពីបុរសមូស្លីម ៣នាក់ត្រូវបានគេប្រទះឃើញស្លាប់ កាលពីពេលថ្មីៗនេះ។ នៅក្នុងចំណោមជនរងគ្រោះទាំងនេះមាន២នាក់ ជាជនជាតិប៉ាគីស្ថាន មានអាយុ២៧ឆ្នាំ ដែលត្រូវបានគេប្រទះឃើញសាកសពកាលពីថ្ងៃទី១ ខែសីហា និងម្នាក់ទៀតមានអាយុ៤១ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ៕