ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតម៉ាឡេស៊ី សហការគ្នាដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរមនុស្ស

85

 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស្នងការ បានអញ្ជើញមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូត និងគណៈប្រតិភូដែលបានចំណាយពេលវេលាសម្រាប់ការរៀបចំនូវជំនួបនេះ ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ស្នងការ ដែលបានចំណាយពេលវេលាក្នុងការទទួលជួបទ្វេភាគីនេះ និងបានណែនាំសមាសភាព ឯកឧត្តម ដាតូ ស្រ៊ី អែបចាលីល ប៊ីនហាសាន់ (Dato Sri Abd Jalil bin Hassan) ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ នៃនគរបាលភូមិន្ទម៉ាឡេស៊ីផងដែរ ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការចូលរួមសហការគ្នារវាងសមត្ថកិច្ចនគរបាលកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ សហការគ្នាដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរមនុស្ស ក៏ដូចជាការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការដោយខុសច្បាប់ ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ជាពិសេសសម្ដែងនូវការប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង