ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ

76

 

ភ្នំពេញ ៖ សម្តេចតេជោបានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។ សម្តេចបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសយើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតនៅធនធានមនុស្ស។ សម្តេចតេជោថ្លែងថា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់ ដូច្នេះ សម្តេចតេជោបានថ្លែងថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយកើតមានទៀតនោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ទី២៦ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។

សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិតនៅឡើយ។ ធនធានមនុស្សនៅកម្ពុជា បរិមាណមានហើយ តែគុណភាពនៅមានកម្រិតនៅឡើយ។ សម្តេចជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាលជាបន្តទៀត។ ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង