ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន បានសហការជាមួយ ក្រសួងរៀបចំដែនដីកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះ នៃហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធផ្សេងៗ ដូចជា ច្បាប់សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS

132

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២៣​ នេះ នៅទីស្តីការក្រសួង​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញ​សមត្ថភាព​ថ្មីនៃប្រទេសជប៉ុន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្វាគមន៍និងជូនពរដល់ឯកឧត្តមUENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាដែលបេសកកម្មនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមត្រូវបានចាត់ទុកថាជាបេសកកម្មមួយដែលត្រូវមានការរីកចម្រើនជាមួយនិងការងារអភិវឌ្ឍន៍គ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការរីកចម្រើននេះគឺតែងតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជានិងជប៉ុន ក្នុងនោះក៏មានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលជាដៃគូក្នុងការអភិវឌ្ឍន៍នៅកម្ពុជាក៏ដូចជារឹតចំណងសាមគ្គីភាពមិត្តភាពរវាងកម្ពុជានិងជប៉ុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាថ្មីៗនេះកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជោគជ័យនេះគឺអាស្រ័យដោយកម្ពុជារៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អនិងវិធានការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺ covid 19ដល់ប្រជាពលរដ្ឋទូទាំងប្រទេសទើបធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាននេះអាចដំណើរការដោយរលូននិងធានាសុវត្ថិភាពពីការឆ្លងជំងឺរាតត្បាតដល់គណៈប្រតិភូដែលបានមកចូលរួម។នេះគឺជាជោគជ័យមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់វីរុសកូវីដ19ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។

ជាការឆ្លើយតបឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការចូលរួមអបអរសាទរចំពោះការរៀបចំដោយជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ឯកឧត្តមបានបញ្ជាក់ថារដ្ឋាភិបាលជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមកនេះ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់វីរុសកូវីដ19 របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឲ្យកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យហើយឯកឧត្តមទទួលស្គាល់ថានៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ19 តិចតួចប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។ឯកឧត្តមយល់ឃើញថាប្រទេសកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យនិងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ហើយឯកឧត្តមពិតជាមានក្តីរីករាយដែលបានបំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងការទូតល្អប្រសើរជាមួយប្រទេសជប៉ុន។ ប្រទេសជប៉ុននិងកម្ពុជាបានកសាងនូវជំនឿទុកចិត្តដ៏រឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានិងដំណើរការកសាងប្រទេសឡើងវិញ។

ឯកឧត្តមបានបង្ហាញពីក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាជប៉ុនត្រូវបានលើកកម្ពស់ទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តមមានបំណងចង់ធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជានិងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះដោយផ្ដោតសំខាន់ទៅលើការយល់ដឹងអំពីសង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជាថែមទៀតផង។

ឯកឧត្តមបានលើកឡើងថាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកប្រទេសជប៉ុនបានសហការជាមួយកម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកនាពេលបច្ចុប្បន្ននេះជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធផ្សេងៗដូចជាច្បាប់សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS និងឧបករណ៍ផ្សេងៗទៀតសម្រាប់វិស័យសំណង់ និងសហការក្នុងការចុះបញ្ជីដីធ្លីផងដែរ។

ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាដែលបានផ្ដល់ទំនុកចិត្តលើប្រទេសជប៉ុននិងបានពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតថែមទៀតរវាងកម្ពុជានិងជប៉ុន ហើយជប៉ុននឹងនៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាបន្តទៀតផងដែរ។

អត្ថបទដែលជាប់ទាក់ទង