៤០នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយ បានធ្លាក់ចូលទៅក្នុងជ្រោះ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សជាង ៤០នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយបានធ្លាក់ចូលទៅក្នុងជ្រោះ បន្ទាប់មកបានឆេះនៅក្នុងខេត្ត Balochistan ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន ។
មន្ត្រីនគរបាលស្រុក Israr Umrani បានប្រាប់សារព័ត៌មានរ៉យទ័រថា សាកសពចំនួន ៤១នាក់ត្រូវបានយកចេញពីកម្ទេចកម្ទីរ ហើយសាកសពខ្លះឆេះមើលមិនស្គាល់។
ក្រុមមន្ត្រីបាននិយាយទៀតថា រថយន្តក្រុងនេះមានអ្នកដំណើរប្រហែល ៤៨នាក់ បានធ្លាក់ចេញពីផ្លូវ ខណៈដែលធ្វើដំណើរពីទីក្រុង Quetta របស់ខេត្ត Balochistan ទៅកាន់ទីក្រុង Karachi ដែលស្ថិតនៅភាគខាងត្បូង។
វីដេអូដែលបានចែករំលែកដោយក្រុមជួយសង្គ្រោះ Edhi Foundation និងអង្គការសង្គ្រោះបន្ទាន់បានបង្ហាញថា មនុស្សរាប់សិបនាក់កំពុងស្វែងរកជនរងគ្រោះពីគំនរបាក់បែក ហើយក្រុមបុគ្គលិករថយន្តសង្គ្រោះកំពុងយកសាកសពមួយចេញពីគំនរនោះ ៕


