ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានលះបង់ច្រើនណាស់ ដើម្បីជាតិ មាតុភូមិ សំដៅធ្វើយ៉ាងណា អោយប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍ

149

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ហើយលះបង់របស់សម្តេចមានគោលបំណង

តែមួយគត់ គឺធ្វើយ៉ាងណាអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតីអោយ រីកចំរើន។
ការលើកឡើងរបស់លោកឃួង ស្រេងបានធ្វើឡើង
ក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC សាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្ស ចំនួន១៨៣រូប នារសៀលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងពិធីនេះត្រូវបានប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC ចំនួន១០៩រូប និងសាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN ចំនួន៧៤រូប សរុបចំនួន១៨៣រូប ជាសមាជិកគណបក្សចំណុះអោយគណបក្ស​រាជធានីភ្នំពេញ ។
លោក ឃួ​ង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចបានផ្តល់អាយុជីវិតជូនប្រជាពលរដ្ឋនៅថ្ងៃ០៧ មករា ១៩៧៩ ដែលបងប្អូនត្រូវយល់អោយបានច្បាស់ពីវីរៈភាពរបស់សម្តេចតេជោ។ លោកថា សមាជិកម្នាក់ជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត សមាជិកម្នាក់ៗ ត្រូវដឹងការពិត ពីអ្វីដែលគណបក្សប្រជាជនកម្ពុជាបានលះបង់ដើម្បីជាតិ មាតុភូមិនិងត្រូវហ៊ានស៊ូមតិដើម្បីបក្ស ។ បងប្អូនសម្រេចចូលរួមជាមួយបក្សប្រជាជនកម្ពុជានៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុនយើងចង់បានត្រឹមតែ ប្រជាពលរដ្ឋយល់និងអោយតម្លៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋអោយតម្លៃប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិក៏បានអោយតម្លៃ មេដឹកនាំរបស់កម្ពុជាយើងយ៉ាងខ្លាំងផងដែរ។
លោក ឃួ​ង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណាអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើន ដូចដែលយើងបានឃើញស្រាប់នៅពេលនេះ។ អ្វីដែលជាក់ស្តែងថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោក កំពុងប្រឈមខ្លាំងនៃការរីករាលដាលជម្ងឺកូវីដ-១៩ សម្តេចតេជោបានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដូស។
លោកបន្តទៀតថា៖ បក្សប្រជាជនកម្ពុជាមានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើងរក្សាស្បៀងទុកអោយបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត ពោលគឺសម្តេចតេជោហ៊ុន សែន មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាមជាសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជាត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីអោយប្រជាពលរដ្ឋបានដឹងនិងយល់កាន់តែច្បាស់៕

អត្ថបទដែលជាប់ទាក់ទង