ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈមេធាវី ប្រកាសថា ឈ្មោះ ដេវិដ ឆាណាយវ៉ា កំពុងប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

135

 

ភ្នំពេញ ៖ ប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា បានប្រកាសថា ឈ្មោះ ដេវិដ ឆាណាយវ៉ា កំពុងប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានប្រើគណនីហ្វេសប៊ុក (Facebook)ឈ្មោះ David S. chanaiwa បង្ហោះលិខិតមួយច្បាប់ដែលនៅក្នុងលិខិតនោះ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានលើកឡើងថា ខ្លួនបានប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគី វិវាទពាក់ព័ន្ធនឹងវិវាទដីធ្លីស្ថិតនៅភូមិចំណោតរាមនិងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គណៈមេធាវី សូមបញ្ជាក់ថា ឈ្មោះ ដេវិដ ឆាណាយវ៉ា ពុំមានសិទ្ធិផ្តល់ ការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវីនិងពុំមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវី នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។

គួររំលឹកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានអះអាងថាខ្លួនជាមេធាវី ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំថា ឈ្មោះ ដេវិដ ឆាណាយវ៉ា ជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយគណៈមេធាវីបានធ្វើសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា ឈ្មោះ ដេវិដ ឆាណាយវ៉ា មិនមែនជាមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានធ្វើលិខិតបំភ្លឺថា ខ្លួនមិនដែលប្រកាសប្រាប់សាធារណជនថាខ្លួនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ និងមិនបានប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជាយូរមកហើយ ហើយបានចេញមុខសុំទោសជាសាធារណៈនិងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជាទេ។

ក្នុងករណីឈ្មោះ ដេវិដ ឆាណាយវ៉ា មិនបញ្ឈប់សកម្មភាពដែលនាំឱ្យមាន ការភាន់ច្រឡំថាខ្លួនជាមេធាវីដែលមានសិទ្ធិប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាទេ នោះ គណៈមេធាវីនឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពប្រកបវិជ្ជាជីវៈខុសច្បាប់ស្តីពីលក្ខន្តិកៈមេធាវី)។

ពាក់ព័ន្ធករណីនេះលោកដេវិដ ឆាណាយវ៉ា បានចេញមកធ្វើការបដិសេធទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានលេខ៨៨៨/គម/២៣ របស់គណៈមេធាវី ចុះថ្ងៃទី២៧ មិនា ២០២៣។
លោកបន្តថា ខ្ញុំបាទបានចូលប្រកបវិជ្ជាជីវៈមេធាវី និងក្លាយជាសមាជិកគណៈមេធាវីឆ្នាំ១៩៩៨ លុះដល់ឆ្នាំ២០០០ គណៈមេធាវីបានសម្រេចលុបឈ្មោះខ្ញុំពីសមាជិកគណៈមេធាវី ដោយបានចោទថា ខ្ញុំប្រព្រឹត្តិខុសបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងលក្ខន្តិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ពីបទ “ផ្សព្វផ្សាយពាណិជ្ជកម្ម” ព្រោះមេធាវីត្រូវបានហាមឃាត់មិនឲ្យផ្សព្វផ្សាយពាណិកម្ម។ ក្នុងឆ្នាំ2002 ខ្ញុំបាទបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ ទទួលបានសាលដីកា សម្រេចបដិសេធចោលសេចក្ដីសម្រេចរបស់គណៈមេធាវី” គណៈមេធាវីបានប្តឹងសាទុក្ខ ទៅតុលាកំពូល តុលាការកំពូលបានសម្រេចតម្កល់ សាលដីកា របស់សាលាឧទ្ធរណទុកជាបានការដ៏ដែរ។
លុះចូលដល់ឯឧ គី តិច ចូលកាន់ដំណែង គណៈមេធាវីក៏បានសម្រេចលុបឈ្មោះខ្ញុំម្តងទៀត ខ្ញុំក៏បានបន្តប្តឹងទៅសាលាឧទ្ធរណ៍ម្តងទៀត ទោះមិនទាន់បានគណៈមេធាវីអនុវត្តតាមសាលដីការតុលាការកំពូលនៅឡើយ។
តាមចំណារដ៏ខ្ពងខ្ពស់របស់សម្តេច ស្នើឯឧ កៅ ប៊ុនហុង មេធាវីរាជរដ្ឋាភិបាល ផ្តល់មតិយោគបល់ឆ្នាំ២០០៥ យោងតាមចំណារដ៏ខ្ពងខ្ពស់រាជរដ្ឋាភិបាលបានសម្រេចចេញសេចក្តីជូនដំណឹង សជណ ឯកភាពឱ្យខ្ញុំបាទបើក”ក្លឹបមេធាវី ដេវិដ ឆាយណាវ៉ា” ឡើងវិញ។ ក្នុងសេចក្តីជូនដំណឹងនោះផងដែលបង្គាប់ឲ្យខ្ញុំដាក់ពាក្យសុំទៅគណៈមេធាវី ខ្ញុំក៏បានដាក់ពាក្យសុំទៅគណៈមេធាវី មកដល់បច្ចុប្បន្ននេះ គណៈមេធាវីមិនទាន់បានធ្វើការឆ្លើយតប តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងគ្មានសាលក្រមណាមួយសម្រេចលុបឈ្មោះ ដេវិដ ឆាណាយវ៉ា ចេញពីសមាជិកគណៈមេធាវីនៅឡើយ។ ហេតុដូច្នេះ ខ្ញុំបាទ ដេវិដ ឆាណាយវ៉ា សុំធ្វើការបដិសេធទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានលេខ៨៨៨/គម/២៣ របស់គណៈមេធាវី ចុះថ្ងៃទី២៧ មិនា ២០២៣ លុះដល់មានសាលដីការស្ថាពរ ពីសាលាឧទ្ធរណ៍ និងតុលាការកំពូល៕

អត្ថបទដែលជាប់ទាក់ទង