ឯកឧត្តម គួច ចំរើន ព្រមានអ្នកប្រមូលពីជនរងគ្រោះ ថាយកទៅរត់ការដាក់ពាក្យបណ្ដឹង នៅខុទ្ទកាល័យ ក្រសួងស្ថាប័ន ឬរដ្ឋបាលខេត្ត សូមប្រញ៉ាប់យកលុយទៅសងជនរងគ្រោះវិញ អោយបានមុនពួកគាត់ដាក់ពាក្យបណ្ដឹង
ព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកពង់សីលាខេត្តព្រះសីហនុ។
នៅចំពោះមុខប្រជាជនយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីបិទផ្សាយឯកសារការវិនិច្ឆ័យប្លង់ជាលក្ខណៈប្រពន្ទពន្ធ័ប្រ នៅស្រុកកំពង់សីលា ឯកឧត្តម គួច ចំរើន បានព្រមានអ្នកប្រមូលលុយពីជនរងគ្រោះ ថាយកទៅរត់ការដាក់ពាក្យបណ្ដឹង នៅខុទ្ទកាល័យ ក្រសួងស្ថាប័ន ឬរដ្ឋបាលខេត្ត សូមប្រញ៉ាប់យកលុយទៅសងគេវិញ អោយបានមុនពួកគាត់ដាក់ពាក្យបណ្ដឹងទៅអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីកំណត់ដោយច្បាប់ មានតម្លាភាព និងស្របតាមគោលនយោបាយដីធ្លី ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍនិងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។រដ្ឋបាលខេត្តព្រះសីហនុនឹងជម្រុញបន្ថែមទៀតក្នុងការសាងប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាត់បន្ថយបានទំនាស់ដីធ្លីក៏ដូចជាការផ្តល់ឱកាសជូនម្ចាស់កម្មសិទ្ធក្នុងការចាត់ចែងដើម្បីបានជាប្រយោជន៍ផ្សេងៗ។
ឯកឧត្តម គួច ចំរើន បានក្រើនរំលឹកប្រជាជនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយៈពេល១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់។
ក្នុងកំឡុងពេលនៃការបិទផ្សាយនេះអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំចូលមកគណៈកម្មការរដ្ឋបាល មាន
មន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ តាមរយះអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ។
ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំបងប្អូនប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍និងជម្រុញការចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព កុំប្រើប្រាស់គ្រឿងញៀនផ្សេងៗដើម្បីបញ្ចៀសបាននូវហានិភ័យក្នុងគ្រួសារនិងសង្គម។
រដ្ឋបាលខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្តនិងរក្សាការសម្ងាត់ជូនចំពោះបងប្អូនណាដែលបានរាយការណ៍ពីគ្រឿងញៀនក្នុងមូលដ្ឋានខ្លួនមករដ្ឋបាលខេត្តមាវិធានការបានទាន់ពេលវេលាដើម្បីធានានូវភូមិឃុំមានសុវត្ថិភាព ប្រជាជនរស់នៅសុខសាន្ត៕