ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តម្រង់ទិសឲ្យក្រុមគ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ

49

 

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ភ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើម នឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។

ការណែនាំឲ្យមានការតម្រង់ទិសបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មីនា ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេងនិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាពលរដ្ឋ។ នៅឆ្នាំ២០៣០ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅ តម្រង់ទិស រយៈពេលមធ្យមនិងរយៈពេលវែង ក្នុងគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម បានបន្តថា សម្ដេចតេជោហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការ សេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញននៅឆ្នាំ ២០២១ ។
លោកបានបន្តថា តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបង្ហាញពីការងារ យ៉ាងល្អរបស់មន្ត្រីនិងដៃគូអភិវឌ្ឍន៍ តាមរយៈការពិនិត្យសមិទ្ធផលដែលបានធ្វើរួមគ្នា ក្នុងការលើកកម្ពស់
សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពពិសេស ការតម្រង់ទិសឲ្យក្រុមគ្រូពេទ្យអនុវត្តក្រោមសីលធម៌ វិជ្ជាជីវៈធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តនឹងសេវាកម្មរបស់យើង។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រសាសន៍លើកឡើងថា៖ អង្គសន្និបាត សម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេសការចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នាកន្លងមក រហូតទទួលបានជោគជ័យ។ ជាមួយគ្នានេះអង្គសន្និបាតទបានប្ដេជ្ញារួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពលើទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន ។ អង្គសន្និបាតបានឯកភាពគោរពស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ ថ្នាក់ខណ្ឌ ដើម្បីពង្រឹងយន្តការតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជនឱ្យកាន់តែមាន ប្រសិទ្ធិភាព។

លោកបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជំងឺ កាចសាហាវផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការ ចូលរួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗ ក្នុងឱកាសដែល រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ៕

 

អត្ថបទដែលជាប់ទាក់ទង