សិក្ខាសាលាស្តីពីតួនាទីនហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច ខាងមុខនេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនឹងរៀបចំសិក្ខាសាលាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
សិក្ខាសាលានេះ ក៏នឹងមានការចូល រួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ, គ្រឹះស្ថានអប់រំ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ, សមាគម, និងអង្គការអន្តរជាតិពាក់ព័ន្ធនានា។ សិក្ខាសាលានេះរៀបចំ ឡើងក្នុងគោលបំណង (១) កំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងផលជះនហិរញ្ញវត្ថុ វិមជ្ឈការទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) កំណត់ និងស្វែងយល់អំពីសមាសភាគ និងយន្តការន ក្របខណ្ឌការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និង (៣) បន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និង ក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបាន និងកំពុងរៀបចំសេចក្តីព្រាងគោល- នយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ កន្លងមក គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបាន រៀបចំសិក្ខាសាលាចំនួន ៤ រួចមកហើយ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់គ្រាន់ ក្នុងការធានាភាពមុតស្រួច ភាពងាយបត់បែន និងបរិយាបន្ននៃសេចក្ដីព្រាងគោលនយោបាយនេះ។
សិក្ខាសាលាទាំង ៤ រួមមាន៖ (១) សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, (២) សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា, (៣) សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា និង (៤) វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ។