ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី ២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា

70

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៣ បានចេញសារលិខិត ស្តីពីការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី ២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមលេខ ១៣៤/សហវ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដោយបានបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី ១ រួចរាល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដែលគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ បានទៅបើកប្រាក់ឧបត្ថម្ភនៅបញ្ជរវីងនៅទូទាំងប្រទេស។

តាមការសន្យា, រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារ ប្រជាពលរដ្ឋគោលដៅដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ អាស្រ័យហេតុនេះ ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណទាំងអស់
រួមទាំងគ្រួសារងាយហានិភ័យទទួលបានប្រាក់ឧបត្ថម្ភលើកទី១, គ្រួសារគោលដៅក្រោមកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ ដែលបានបិទបញ្ចប់ និងគ្រួសារងាយរងហានិភ័យ ដែលទើបបានកំណត់អត្តសញ្ញាណថ្មី និងបានផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ/សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភលើកទី២ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ កុំបីខាន។

សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងអំឡុងពេល មានវិបត្តិ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាព របស់គ្រួសារប្រជាពលរដ្ឋកម្ពុជា ពិសេសគ្រួសារក្រីក ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនេះស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការ មិនបោះបង់នរណាម្នាក់ចោល និងបានបង្ហាញយ៉ាងច្បាស់អំពីភាពជាម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ អំពីសុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ឱ្យបានទាន់ពេល តាមការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង