ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ

116

 

ភ្នំពេញ៖ ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីកវិស័យអប់រំសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ឲ្យកាន់តែល្អថែមទៀត។

ការបង្ហាញពីចេតនាបែបនេះ ខណៈដែលលោកម៉ាយែលឌី អាន់ស្សារូឡា(Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ឧសភាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោកម៉ាយែលឌី អាន់ស្សារូឡា បានមានប្រសាសន៍លើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើអោយយើងអាចធ្វើការរួមគ្នានិងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិចនិងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ជាដើម។

លោកបានបញ្ជាក់ផងដែរថា នៅដើមខែសីហាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនិងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងស៊ូម៉ាត្រាខាងលិច ។ នៅក្នុងឱកាសនោះយើងចង់រៀបចំឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយលោកនឹងអញ្ជើញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។

លោកម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត” កាលពីព្រឹកថ្ងៃទី០២ ឧសភា ។ ការទទួលគោរមងារកិត្តិយសនេះ
គឺពិតជាស័ក្កសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេចហ៊ុន សែន នៅបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនា សាសនាថែមទៀត។ បន្ថែមពីនេះ លោកម៉ាយែលឌី អាន់ស្សារូឡា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះភាពរីកចម្រើន របស់រាជធានីភ្នំពេញផងដែរ ដោយមានទាំងអគារខ្ពស់ៗជាច្រើន ជាមួយនឹងទីផ្សារទំនើបៗផងដែរ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានាទាំងអស់ នៅលើពិភពលោក ។ កន្លងមកនេះយើងបានចងសម្ព័ន្ធមន្ត្រីភាព ជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ហាណូយ ហូជីមីញជាដើម និងមានការិយាល័យ ទីក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ ថែមទៀតផង ។

ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុងទាំងពីររៀបចំ ជាឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហាឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនិងចាត់ឲ្យអភិបាលរងទទួលបន្ទុកទៅទំនាក់ទំនង លើការងាររដ្ឋបាលនៃការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕

អត្ថបទដែលជាប់ទាក់ទង