ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម ទៅលើក្មេងស្រីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉េត
ក្រុងប៉ោយប៉េត៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្មទៅលើក្មេងស្រីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉េត បន្ទាប់ពីក្រុមការងារចម្រុះ CHARLIE22 បានធ្វើការស៊ើបអង្កេតអស់រយៈពេល ១៤ខែ។
បុរសអាយុ៤៥ឆ្នាំ និងស្ត្រីអាយុ៤៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចោទពីបទឃាតកម្មទៅលើកុមារីអាយុ ៧ឆ្នាំម្នាក់ ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២។ នៅវេលាម៉ោង៦ និង៥០នាទីព្រឹក នៃថ្ងៃកើតហេតុ កុមារីរងគ្រោះបានធ្វើដំណើរពីផ្ទះ ឆ្ពោះទៅសាលារៀន តែពុំបានទៅដល់នោះទេ។
ពេលដែលមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះដើម្បីញ៊ាំអាហារថ្ងៃត្រង់វិញ ឪពុកជនរងគ្រោះក៏បានប្តល់ដំណឹងដល់សមត្ថកិច្ច។ កម្លាំងសមត្ថកិច្ចបានសួរទៅសាលារៀន ក៏បានដំណឹងថាជនរងគ្រោះមិនបានទៅសាលាទេ កាលពីព្រឹកនោះ។ ការស្វែងរកខ្លួនក៏បានចាប់ផ្តើម ដោយមានការចូលរួមពីកម្លាំងនគរបាលមូលដ្ឋាន, កងរាជអាវុធហត្ថ និងអ្នកភូមិជាច្រើននាក់។ នៅវេលាម៉ោង១០ និង៣០នាទីយប់ នៃថ្ងៃដដែល សាកសពជនរងគ្រោះត្រូវបានគេរកឃើញ ដោយមានតម្រុយថាមានការព្យាយាមលាក់បំបាំងសាកសព។
អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅចូលរួមពិនិទ្យកន្លែងកើតហេតុ។ ក្រុមការងារជំនាញបានធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងអង្គភាពការពារកុមារ (CPU)។
ក្នុងអំឡុងពេល១៤ខែមកនេះ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស៊ើបអង្កេតយ៉ាងមមាញឹក។ មន្ត្រីជំនាញបានធ្វើកោសល្យវិច័យទៅលើវត្ថុតាងជាច្រើន, រថយន្តជាច្រើនគ្រឿងក៏ត្រូវបានដកហូត, ការរារាំងផ្លូវដំណើរក៏ត្រូវបានធ្វើឡើង, កិច្ចសម្ភាសន៍ក៏ត្រូវបានធ្វើឡើងជាមួយបុគ្គលជាច្រើននាក់ទូទាំងប្រទេសកម្ពុជា។ ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីនីតិវិធីស៊ើបអង្កេតប្រកបដោយភាពជំនាញ និងវិជ្ជាជីវៈក្នុងករណីដែលមានភាពលំបាកនិងស្មុគ្រស្មាញខ្លាំង ដើម្បីផ្តល់លទ្ធផលនិងយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។
ខ្ញុំសូមថ្លែងជាការអបអរសាទរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះការខិតខំប្រឹងប្រែង និងការដឹកនាំក្នុងការស៊ើបអង្កេតមួយនេះ។ ខ្ញុំក៏សូមថ្លែងជាការអបអរសាទរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានតាមដាន និងត្រួតត្រាពីលើការងារស៊ើបអង្កេតនេះ ដើម្បីធ្វើអោយប្រាកដថាយើងអាចរកឃើញការពិតអំពីករណីនេះផងដែរ។
ខ្ញុំសូមថ្លែងអំណរគុណដល់រាល់មន្ត្រីនគរបាលជាតិ និងក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) ចំពោះការជ្រោមជ្រែងទៅលើការស៊ើបអង្កេតនេះ ថែមទាំងសូមថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, នាយកដ្ឋានព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់មូលដ្ឋាន ចំពោះការប្តេជ្ញា និងខិតខំប្រឹងប្រែងយ៉ាងហត់នឿយអស់រយៈពេល ១៤ខែមកនេះ ដើម្បីឈានមកដល់ដំណាក់កាលឃាត់ខ្លួនជនសង្ស័យ។ នេះគឺជាភាពជោគជ័យដ៏ធំ។
ខ្ញុំសូមថ្លែងការសោកស្តាយជាម្តងទៀតដល់ក្រុមគ្រួសាររងគ្រោះ ហើយខ្ញុំសង្ឃឹមថាការឃាត់ខ្លួននេះនឹងផ្តល់ជាចម្លើយការពិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។
ជាម្តងទៀត សូមថ្លែងអំណរគុណដល់សមាជិកក្រុមការងារចម្រុះទាំងអស់គ្នា ចំពោះការប្តេជ្ញា និងតស៊ូក្នុងការស៊ើបអង្កេតមួយនេះ។
