អាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់លើការ សំអាត បរិស្ថាន ជុំវិញនិងបរិវេនទីលាន ការប្រកួតកីឡានៅពហុកីឡាមរតកតេជោ
ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡា
អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់ជុំវិញការសំអាត បរិស្ថាននៅជុំវិញនិងបរិវេនទីលានការប្រកួត ពិសេសនៅពហុកីឡាមរតកតេជោ ។
ជាក់ស្ដែង នាព្រឹកព្រលឹមថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២៣នេះ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរខណ្ឌ មន្ទីរបរិស្ថាននិងក្រុម
យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការគ្នាជាមួយក្រុមហ៊ុនដឹកជញ្ជូននិងប្រមូលសំរាម ធ្វើអនាម័យ បរិស្ថាននៅបរិវេនវិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ នៅក្នុងភូមិកីឡា និងពហុកីឡាមរតកតេជោ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់ខាងលើនេះមានបរិស្ថានល្អប្រសើរ ។
លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការនេះ ត្រូវធ្វើឡើងជាប្រចាំនិងជាប់រហូតដល់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ពោលគឺដល់ថ្ងៃ បើកការប្រកួនកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយនៅពេលនោះ នឹងមានប្រតិភូ កីឡាករ អ្នកគាំទ្រជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ត្រូវចូលរួម។ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តនោះ គឺទីតាំងខាងលើនេះត្រូវតែស្អាត មិនមានសំរាមនិងមានបរិស្ថានល្អ ដើម្បី
អោយភ្ញៀវជាតិ អន្តរជាតិបានមើលឃើញថា ទីក្រុងរបស់យើងជាទីក្រុងដែលមានអនាម័យនិងបរិស្ថានល្អ។
លោកហួត ហៃ បានបញ្ជាក់ផងដែរថា៖ ការសំអាត អនាម័យបរិស្ថាន នៅជុំវិញនិងបរិវេនទីលានការប្រកួតខាងលើនេះ ធ្វើឡើង ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋពិសេស អ្នកលក់ដូរ និងអ្នកទៅចូលរួមមើលការប្រកួតកីឡាបានមើលឃើញ និង
យកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលសំរាមផ្ដេសផ្ដាសលើទីផ្សារធារណៈដោយកម្ពុជាយើងជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ។
ក្រុមការងារដែលបើកយុទ្ធនាការនៃការបោះសំអាងនេះត្រូវបានបែងចែកជាច្រើនក្រុម ដោយមួយក្រុមត្រូវសំអាតក្នុងបរិវេណវិមានឈ្នះឈ្នះ មួយក្រុមទៀតសំអាតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ នៅភូមិកីឡា និងនៅក្នុងពហុកីឡាមរតកតេជោ សំដៅធ្វើយ៉ាងណាអោយទីតាំងទាំងនេះស្អាត មានអនាម័យ បរិស្ថានល្អជានិច្ច។
គួរកត់សំគាល់ថា ក្នុងការប្រកួតកីឡានាប៉ុន្មានថ្ងៃនេះអ្នកដែលបានចូលរួមមើលការប្រកួតកីឡា ដោយផ្ទាល់ ភាគច្រើនពួកគាត់បានយល់ដឹងច្រើន ជុំវិញការទុកដាក់សំរាម មានន័យថាក្រោយពីការប្រកួត គឺនៅទីលានការប្រកួត មិនមានសំរាម បោះចោលផ្ដេសផ្ដាស ។ នេះពិតជាបង្ហាញឲ្យឃើញពីការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរស់នៅក្នុងទីក្រុងស៊ីវីល័យមួយនេះ៕
