វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់ សម្រាប់ជាតិ និងប្រជាជន ក្នុងការអប់រំ ផ្នែក បំណិនជីវិតទាំងក្នុងការរស់នៅផ្ទាល់ខ្លួន ក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិ
បន្ទាយមានជ័យ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បរិយាកាសដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍ និងកសាងសមិទ្ធផលជាច្រើនបានដូចបច្ចុប្បន្ន គឺអាស្រ័យកត្តា ៣ សំខាន់ នោះគឺ៖ សុខសន្តិភាព សិទ្ធិសេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាជន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី២០ ខែឧសភា នេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថា សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន។ មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។ ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម ២ ពាន់វត្ត និងព្រះសង្ឃប្រមាណ ៥ ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ។ លោកតាយលោកយាយក្នុងមូលដ្ឋានស្រុកមង្គលបូរីនេះ បានឆ្លងកាត់របបដឹកនាំ ៥ ជំនាន់មកហើយ គឺច្បាស់ជាដឹងថា ជំនាន់មួយណាល្អជាងគេ គឺជំនាន់សប្បាយរីករាយ សុខសន្តិភាព និងអាចធ្វើបុណ្យបំពេញទានបានយ៉ាងរីករាយ ហើយក៏មិនចង់ឱ្យកូនចៅជំនាន់ក្រោយឆ្លងកាត់នូវភាពល្វីងជូរចាត់កាលពីអតីតកាលឡើយ។
ឯកឧត្តមបណ្ឌិតបន្តថា បរិយាកាសដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍ និងកសាងសមិទ្ធផលជាច្រើនបានដូចបច្ចុប្បន្ន គឺអាស្រ័យកត្តា ៣ សំខាន់ នោះគឺ៖ សុខសន្តិភាព សិទ្ធិសេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាជន។ សុខសន្តិភាព គឺផ្តល់ឱកាសឱ្យប្រជាជនរស់នៅដោយសេចក្តីសុខ លែងមានការកាប់សម្លាប់គ្នាទៅវិញទៅមក។ សិទ្ធិសេរីភាព គឺផ្តល់ឱកាសឱ្យប្រជាជនមានសិទ្ធិក្នុងការរស់រានមានជីវិត ជាម្ចាស់លើជីវិតខ្លួនឯង និងមានឱកាសសិក្សារៀនសូត្រពេញលេញ ដើម្បីចាប់យកអាជីព ឬប្រកបរបរចិញ្ចឹមជីវិត និងក៏អាចជ្រើសរើសសាសនាក្នុងការគោរពបដិបត្តិប្រកបដោយសុខដុមនីយកម្ម។ កម្រិតជីវភាពល្អប្រសើរ គឺផ្តល់ឱកាសឱ្យប្រជាជនមានលទ្ធភាពគ្រប់បែបយ៉ាង និងមានភាពម្ចាស់ការលើជោគវាសនារបស់ខ្លួន ហើយអាចខិតខំអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ ក៏ដូចជាអាចមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិតាមរយៈវប្បធម៌ចែករំលែក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ខ្មែរយើងតាំងពីដើមរៀងមក។
ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថា វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន ក្នុងការអប់រំ ផ្នែក បំណិនជីវិតទាំងក្នុងការរស់នៅផ្ទាល់ខ្លួន ក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិ ដោយឈរលើមូលដ្ឋាននៃសីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ។ គ្មានសាសនាណាបង្រៀនមនុស្សឱ្យឈ្លោះទាស់ទែងគ្នាឡើយ ផ្ទុយទៅវិញសាសនាអប់រំមនុស្សឱ្យចេះស្រលាញ់គ្នា គោរពគ្នា ធ្វើបុណ្យជាមួយគ្នា និងអធ្យាស្រ័យចំពោះគ្នា ពិសេសឱ្យចេះជួយយកអាសាគ្នាពេលមានតម្រូវការ ឬគ្រោះអាសន្ន។ ការធ្វើបុណ្យ និងការគោរពបដិបត្តិសាសនាបានល្អខ្ជាប់ខ្ជួន គឺជាការធ្វើឱ្យមានសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត។ សន្តិភាពផ្លូវកាយ គឺបង្រៀនយើងឱ្យរស់នៅដោយអហិង្សា មិនលួចទ្រព្យគេ មិនប្រព្រឹត្តអំពើអាក្រក់ មិនរើសអើងគ្នា ហើយជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ សន្តិភាពផ្លូវចិត្ត គឺបង្រៀនយើងមានទឹកចិត្តស្អាតបរិសុទ្ធផូរផង់ ដោយមិនជាប់ប្រឡាក់នឹងអកុសលធម៌ទាំងពួង។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបញ្ជាក់ទៀតថា ភាពជោគជ័យរបស់កម្ពុជា ក្នុងការជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាមោទនភាពជាតិខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ និងមជ្ឈដ្ឋានអន្តរជាតិ។ ភាពជោគជ័យនេះ អាចកើតមានឡើងអាស្រ័យដោយគោលការណ៍គ្រឹះចំនួន ២ សំខាន់ គឺ៖ ស្មារតីសាមគ្គីភាព ស្មារតីរួបរួមគ្នា ស្មារតីជាតិនិយម តាមរយៈការចូលរួមលះបង់របស់អាជ្ញាធរ-សមត្ថកិច្ចគ្រប់ជំនាញ និងកងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាយុវជនស្ម័គ្រចិត្ត ជាពិសេសកម្លាំងមហាសាមគ្គីជាតិទាំងមូលដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ទាំងនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជាតិខ្មែរទាំងមូល បាន និងកំពុងប្រកាន់ខ្ជាប់នូវស្មារតីតែមួយ ក្រោមទង់ជាតិខ្មែរតែមួយ និងក្នុងបុព្វហេតុនៃការតម្កល់ផលប្រយោជន៍ និងកិត្តិយសជាតិជាធំ ជារៀងដរាប៕