ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុម ដែលមាននិន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនជ្រាបថា: នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។
បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។
នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ ។
ចំណែកឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ៖ «ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗដើម្បីយកសរីរាង្គ!
ឯកឧត្តម គឹម សន្តិភាព សូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ!
ទន្ទឹមនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង!
សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ!
សូមបងប្អូនកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើង!»៕