ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃនាយក ចេញសេចក្តីថ្លែងការណ៍ថា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល កំពុងបង្កបញ្ហា

64

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍លើ Facebook ថា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល កំពុងបង្កបញ្ហា។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយក៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ជាអម្ចាស់! សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក
សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈគ្រប់ព្រះអង្គ ព្រះមេគណ មន្រ្តីសង្ឃគ្រប់ព្រះអង្គ ពុំមានសម្តេច ព្រះសង្ឃអង្គណានីមួយ មិនគោរព ឬមិនអនុវត្តតាមចំណារបស់សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលនៃយេីង និងមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនោះទេ ហើយសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ លោកមាន ហិរិ និងឱត្តប្ប នៅក្នុងខ្លួន មិនធ្វើរឿងក្រៅតម្រាឋានានុក្រមនោះឡេីយ។

សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បានគោរព និងអនុវត្តរួចហើយនូវចំណា និងព្រះរាជក្រឹត្យ ផ្ទុយទៅវិញសម្តេចព្រះធម្មលិខិត នោះទេ ដែលល្មើសទៅលើចំណា និងព្រះរាជក្រឹត្យ ព្រោះថា សម្តេចព្រះធម្មលិខិតព្រះអង្គខ្លួនឯង ក៏បានចូលរួមប្រជុំវាយតម្លៃជ្រើសរើសសមាសភាពព្រះមហាវិមលធម្ម និងបានលើកឡើងថា ព្រះពុទ្ធវង្ស ហ៊ូឈីវនាថ ស័ក្តសមជាទីបំផុតក្នុងការទទួលងារព្រះមហាវិមលធម្មនេះ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជក្រឹត្យដែលប្រថាប់ព្រះរាជលញ្ជករ ក៏បានចេញជាផ្លូវការ។ លុះដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ក៏មានព្រះរាជក្រឹត្យចេញមួយច្បាប់ទៀត គណៈសង្ឃក៏បានទូរសព្ទទៅសម្តេចព្រះធម្មលិខិត សួរនាំពីរឿងនេះទៀត តែសម្តេចព្រះធម្មលិខិត ឆ្លើយថាមិនដឹង ចម្លើយនេះពិតជាទុច្ចរិតមែន។

អ្វីដែលសម្តេចព្រះធម្មលិខិត កំពុងតែធ្វើនេះគឺ មិនគោរពគណៈសង្ឃហើយ លើសពីនេះទៅទៀត គឺមិនគោរពការដឹកនាំរបស់ សម្តេចតេជោ និងព្រះរាជក្រឹត្យនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យអាប់ឱនកិត្តិយសសម្តេចតេជោ ជាប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រទៅវិញទេ។

នរណាក៏គេដឹងដែរថា ការផុសផ្សព្វផ្សាយរបស់សម្តេចព្រះធម្មលិខិត គឺដើម្បីរកខ្សែក្រវាត់ ឬអាវក្រោះសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ ។ សម្តេចព្រះធម្មលិខិត តែងនិយាយថា គោរព និងដង្ហែតាមគណៈសង្ឃ ពិសេស គោរពតាមការដឹកនាំគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ តែធាតុពិត សម្តេចព្រះធម្មលិខិត សៅរ៍ ច័ន្ទថុល មិនដែលគោរពតាមនរណាទេ និយាយតែមាត់ប៉ុណ្ណោះ ។

សម្តេចព្រះធម្មលិខិត តែមួយអង្គគត់ ដែលតែងតែព្យាយាមបង្កឲ្យមានបញ្ហានៅក្នុងជួរគណៈសង្ឃ និងពុទ្ធិកសិក្សាកន្លងមក ហើយសម្តេចព្រះធម្មលិខិត បានកសាងកំហុសអ្វីខ្លះ ចំពោះគណៈសង្ឃព្រះពុទ្ធសាសនាខ្មែរអ្វីខ្លះ សម្តេចប្រហែលជាចងចាំខ្លួនព្រះអង្គឯងហើយ។

សម្តេចព្រះធម្មលិខិត បានក្បត់ប្រធានអង្គប្រជុំ ដែលដឹកនាំ ដោយសម្តេចព្រះពោធវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃ នាយករងទី១ ដូច្នេះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ត្រូវតែទៅគោរពវន្ទា សូមខមាទោសចំពោះព្រះភ័ក្តសម្តេចព្រះពោធិវ័ង្សជាអម្ចាស់។

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍ដែរថា កុំឲ្យនាំសម្តេចខុសបន្តទៀត ក្នុងការតែងតាំងមន្រ្តីសង្ឃ ប្រហែលជាសម្តេចព្រះធម្មលិខិត ភ្លេចហើយមើលទៅ ។

ទង្វើដ៏ទុច្ចរិតនេះ ពិតជាធ្វើឲ្យសម្តេចតេជោ នៃយេីងលោកស្មុគស្មាញទៀតហើយ ។

ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង