រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភជាង១ពាន់លាន ដុល្លារអាមេរិក ជូនប្រជាពលរដ្ឋគោលដៅ គិតត្រឹមខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយថវិការដ្ឋអស់ចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ រៀល ស្មើនឹងប្រមាណ ១ ០៥៦ លានដុល្លារអាមេរិក។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី១៣ លើកទី១ និងការបើកសាច់បក់ ជុំទី១៣ លើកទី២
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១៣ជុំ មាន ៣៥លើក រួចមកហើយ ។
សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ (៣៥លើក) អស់ថវិការដ្ឋចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ (បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលាន សែសិបប្រាំពីរលាន បួនរយសាមសិបមួយពាន់រៀលគត់) ស្មើនឹង ១ ០៥៦.៧៦ លានដុល្លារអាមេរិក។
ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានរយៈពេល៣០ថ្ងៃ ។