ក្រសួងការពារជាតិ កម្ពុជា-ចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំ ទ្វេភាគីជា មួយ លោក លី សាងហ្វ៊ូ(Li Shangfu )រដ្ឋមន្ត្រីការពារជាតិចិនដោយនៅក្នុងកិច្ចជំនួបនោះប្រមុខការពារជាតិ ទាំងពីរបានសន្យាពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង កងទ័ពទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ក្នុង ជំនួបនេះ បានធ្វេីឡេីង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០(កិច្ចសន្ទនាសាំងគ្រីឡា) នៅ ប្រទេសសឹង្ហបុរី។
ក្នុងឱកាស នោះ លោក លី សាងហ្វ៊ូ ក៏បានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង កងទ័ព ប្រទេសទាំងពីរកម្ពុជា ចិនឲ្យកាន់តែរីកចម្រើន និងជិតស្និតថែមទៀត ដែលក្នុងនោះរួមមាន ទាំងកិច្ចសន្ទនារវាង កងទ័ពជើងគោកប្រទេសទាំងពីរ និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ផងដែរ ។ លោករដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានបញ្ជាក់បន្ថែមថា៖ « ភាគីយើងទាំងពីគួរសហការគ្នាជំរុញ សន្តិភាព និងស្ថេរភាពក្នុងដំបន់»។
ប្រមុខ ការពារជាតិ ចិន រូបនេះ បានបន្តថា នៅក្នុងដំណើរការចូលរួមកិច្ចប្រជុំ សាំងគ្រីឡា នៅប្រទេសសឹង្ហបុរីនេះលោក នឹងធ្វើបទបង្ហាញក្នុងសម័យ ប្រជុំពេញអង្គលើកទី៥លើប្រធានបទ«គំនិតផ្តួចផ្តើមសន្តិសុខសាកលថ្មី នៃប្រទេសចិន»។ បទបង្ហាញនេះគឺផ្តោតសំខាន់ទៅលើគោលគំនិត កសាងសហគមន៍ ជោគវាសនារួមមនុស្សជាតិ និង ផ្តោតទៅលើការ កសាងសហគម៍ កសាងជោគវាសនារួម អាស៊ីប៉ាស៊ីហ្វិក និង សហគមន៍សន្តិសុខអាស៊ីផងដែរ។
នៅឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ព ប្រទេសទាំង ពីរ ដោយនាពេលកន្លងមក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត បាននាំមកនូវការ រីកចំរើនដល់កងទ័ពទាំងពីរបានយ៉ាងល្អប្រសើរ ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកឡើងវិញអំពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅកម្ពុជា ឆ្នាំ ២០២២ ដែលបានដំណើរកិច្ចប្រជុំប្រកបដោយជោគជ័យ ក្នុងនេះក៏មានការចូលរួមចំណែកពីមិត្តចិន ដែលបានជួយ ដល់កម្ពុជាលើមធ្យោបាយដឹកជញ្ជូនផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពរំដោះប្រជាជនចិន អោយកាន់តែជិតស្និត និង រឹងមាំថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក លី សាងហ្វ៊ូ មកធ្វើទស្សនៈកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕. សំរិត