ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិនបានវិនិយោគ ១០០ភាគរយ

63

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២កន្លងទៅនេះ។
ពិធីនៅថ្ងៃនេះ ក្រៅតែពីការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា ដែលតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿននៃប្រទេសវៀតណាម ដែលនេះគឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវទិសចរាចរណ៍
ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពានចំនួន ២កន្លែង ហើយប្រជាពលរដ្ឋអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិនបានវិនិយោគ ១០០ភាគរយ។

នៅថ្ងៃនេះ សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ថ្ងៃនេះ រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ ដែលនៅពេលខាងមុខយើងនឹងទទួលបានផ្លូវល្បឿនលឿនច្រើនខ្សែបន្ថែមទៀត។ នៅថ្ងៃនេះផងដែរ សម្ដេចតេជោក៏បានប្រកាសយកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គឺមិនចង់ឈ្នះ ចាញ់ អ្វីនោះទេ អ្វីដែលសំខាន់ដែលកម្ពុជាចង់បាននោះ គឺចង់បានការប្រកួតប្រកបដោយមិត្តភាព និងការទទួលខុសត្រូវ។ សម្ដេចបញ្ជាក់ទៀតថា កិត្តិយសកេរ្តិ៍ឈ្មោះចាយមិនចេះអស់នោះទេ។ ក្រោយកម្ពុជាទទួលធ្វើស៊ីហ្គេមចប់ កម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្អបន្ថែមទៀតនៅលើឆាកអន្តរជាតិ។កម្ពុជាបានធានាបានយ៉ាងល្អ នូវការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុតដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ក្នុងឱកាសស្នាក់នៅប្រកួតកីឡានៅកម្ពុជា កម្ពុជាប្រទេសតូច ប៉ុន្ដែមានបេះដូងធំ។

ទាក់ទៅនឹងព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិនៅពេលខាងមុខ សម្ដេចតេជោក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាហើយសង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋ និងបន្តគាំទ្រគណបក្សប្រជាជនជាបន្តទៀត។

ទាក់ទងទៅនឹងរឿងនយោបាយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម សូមប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។ សម្ដេចតេជោបានបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។ សម្តេចតេជោ បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញចុចប៊ូតុងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង