ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន បានបើកកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈ ស្ថាបនា លើការខ្វែងគំនិតរវាងប្រទេសទាំង២

113

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានបើកកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈ ស្ថាបនា លើការខ្វែងគំនិតរវាងប្រទេសទាំង២ រាប់ចាប់ពីបញ្ហាតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

លោក Antony Blinken បានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេបំផុត ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ​ក្នុងរយៈពេល៥ឆ្នាំមកនេះ។ ប៉ុន្តែ នៅក្នុងកិច្ចពិភាក្សាដែលចាយពេលជាង ៥ម៉ោងកន្លះ ភាគីទាំង២ មិនអាចសម្រេចបានកិច្ចព្រមព្រៀងជាដុំកំភួនណាមួយទេ ក្រៅតែពីឯកភាពគ្នាថានឹងជួបគ្នាជាថ្មី ម្ដងទៀត។ បើតាមក្រុមមន្ត្រីអាមេរិក និងចិន លោក Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) បានផ្តោតជាសំខាន់លើចេតនាក្នុងការស្វែងរក ទំនាក់ទំនងប្រកបដោយស្ថិរភាព និងអាចព្យាករបាន។ តែព្រមពេលជាមួយគ្នា ចិនបានទទូចថាតៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់បំផុត ដែលអាចបង្កទៅជាហានិភ័យ ខណៈ លោក Blinken បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការកាត់បន្ថយការយល់ច្រឡំ និងការគណនាខុស នៅក្នុងជំនួបជាមួយលោក ឈិន កាង។

គួរបញ្ជាក់ថា បើតាមលោក ឈិន កាង បញ្ហាតៃវ៉ាន់គឺជាប្រយោជន៍ស្នូលដ៏សំខាន់បំផុតរបស់ចិន ហើយក៏ជាបញ្ហាដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ផងដែរ ស្របពេលទំនាក់ទំនងរវាងមហាអំណាចទាំង២ កំពុងស្គាល់ភាពតានតឹងសឹងតែគ្រប់វិស័យ ជាពិសេសគឺតៃវ៉ាន់ដែលត្រូវបានក្រុមអ្នកវិភាគបង្ហាញក្ដីព្រួយបារម្ភថា អាចនឹងបង្កជាជម្លោះយោធា នៅថ្ងៃណាមួយ៕

អត្ថបទដែលជាប់ទាក់ទង