ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមជាង២.១០០គ្រាប់ នៅវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ត្រូវស៊ីម៉ាក់ កំទេចចោលប្រកបដោយសុវត្ថិភាព

50

 

ខេត្តក្រចេះ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំពុងបំពេញកិច្ចប្រតិបត្តិការ មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះនៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃើញ និងរស់នៅក្បែរៗសាលានេះ បានឱ្យដឹងថា ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យសង្គ្រាមនិងខ្មែរក្រហម(១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។

ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទើបប្រគល់អតីតបន្ទាយទាហាននេះមកឲ្យអាជ្ញាធរខេត្តក្រចេះដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ។

តាមព័ត៌មានទទួលបាននិងការបញ្ជាក់សញ្ញាកំណត់ទីតាំងគ្រាប់កប់ក្នុងដីបានឱ្យកំណត់ថា មានចំនួន៥រណ្តៅនិងមានគ្រាប់ មួយចំនួនទៀតស្ថិតនៅរាយប៉ាយក្នុងបរិវេណសាលាទាំងមូល។

អង្គភាពស៊ីម៉ាក់បានដាក់កម្លាំងជំនាញអាវុធជាតិផ្ទុះ ក្រុមគ្រឿងចក្រនិងក្រុមជំនាញបោសសម្អាតគ្រាប់ សំដៅបញ្ចប់ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ ជាសំណល់សង្គ្រាម ឱ្យបានឆាប់បំផុត ដើម្បីធានាសុខសុវត្ថិភាពក្មួយៗនិងអាចបានចូលរៀនវិញ។

សូមបញ្ជាក់ថា កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ បានរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាមគ្រប់ប្រភេទសរុបចំនួនជាង២.១០០គ្រាប់ ដោយបានកំទេចចោលប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះដែរ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ក៏បានសូមអរគុណគណៈគ្រប់គ្រងសាលា ដែលបានផ្អាកការសិក្សារៀនសូត្ររបស់សិស្សានុស្សិសមួយរយៈ ក្នុងន័យរក្សាបាននូវសុខសុវត្ថិភាព និងទុកលទ្ធភាពឱ្យមន្ត្រីជំនាញអាចដំណើរការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាំងនោះ។ តាមការប៉ាន់ស្មានអាចមានចំនួនរាប់ពាន់គ្រាប់ទៀត ដែលនៅថ្ងៃនេះបានជួប២រណ្តៅ ដែលសម្បូរដោយគ្រាប់B40និងគ្រាប់DK75៕

អត្ថបទដែលជាប់ទាក់ទង