សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមទស្សនាឈ្វេងយល់ សំណង់ស្ពានកំពង់ក្តី ដែលមានអាយុកាលជាង១ពាន់ឆ្នាំហើយ នៅសៀមរាប
សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនា ស្ពានកំពង់ក្តី ស្រុកជីក្រែង សៀមរាប នៅរសៀលថ្ងៃពុធ ១៥រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ក្នុងអំឡុងពេលបំពេញបេសកម្មនៅខេត្តឧត្តរមានជ័យ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញធ្វើដំណើរទស្សនា ស្ពានកំពង់ក្តី ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ ។
ស្ពាននេះមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀម រាប។ ស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយ ក្រៀម និងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។
តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។
ស្ពាននេះមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុក ស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏ បានជួបសំណេះសំណាល និងសួរសុខទុក មន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ចខេត្តកំពង់ធំ និងខេត្តសៀមរាប នាឱកាសនោះផងដែរ៕
សំរិត