ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអភិរក្សសត្វព្រៃ រកឃើញកូនសត្វត្រយងយក្ស ចំនួនពីរក្បាលនៅក្នុងសំបុក នៅដែនជម្រកសត្វព្រៃកែវសីមា

43

មណ្ឌលគិរី៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បានរកឃើញសាជាថ្មីនូវកូនសត្វបក្សីត្រយងយក្សមួយសំបុក ដែលមានកូនចំនួន២ ក្បាល និងត្រយងយក្សជំទង់២ក្បាល នៅក្នុងរដូវបង្កកំណើតរបស់វា។ កូនបក្សីត្រយងយក្ស ទាំង២នេះ បានញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ។

ក្រុមអភិរក្សសត្វព្រៃ កែវសីមា បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះថា ត្រយងយក្ស គឺជាបក្សីតំណាងអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា ហើយវាត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលចំនួនរបស់វា ត្រូវបានប៉ាន់ប្រមាណថានៅសល់ក្នុងព្រៃធម្មជាតិត្រឹម ២០០ ទៅ ៣០០ ក្បាលតែប៉ុណ្ណោះ។ ក្នុងនោះផងដែរ កម្ពុជាគឺជាប្រទេសដែលមានចំនួនសត្វត្រយងយក្សច្រើនជាងគេបំផុត ស្មើនឹង៩០ភាគរយ នៃចំនួនសរុបលើពិភពលោក។
បច្ចុប្បន្ននេះ បក្សីដែលជានិមិត្តរូបរបស់កម្ពុជានេះ កំពុងទទួលរងការគំរាមកំហែង យ៉ាងច្រើនពីសកម្មភាពនានារបស់មនុស្ស ដូចជាការកាប់បំផ្លាញទីជម្រក ការបង្កសំឡេង រំខាន ការបរបាញ់ និងការដាក់អន្ទាក់ខុសច្បាប់ជាដើម។ គម្រោងរេដបូក កែវសីមា បាន អំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាការពារសត្វបក្សីនិមិត្តរូបជាតិនេះ ក៏ដូចសត្វព្រៃផ្សេងទៀត តាមរយៈការមិនបរិភោគសាច់សត្វព្រៃ មិនដាក់អន្ទាក់ មិនកាប់ព្រៃ ឈើ និងមិនកាប់រានដីព្រៃខុសច្បាប់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង