បណ្តាប្រទេសទាំងអស់ ក្នុងសាកលលោក គួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់
សៀមរាប៖ ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិលើកទី ២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធតមី (CWC) នៅក្នុងតំបន់អាស៊ី នៅខេត្តសៀមរាប នាយឧត្ដមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងថា បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់។
នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិអាវុធគីមី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (C.W.C) នៅក្នុងតំបន់អាស៊ី ដែលរៀបចំឡើងនៅសណ្ឋាគាអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និង លោកស្រី បេតិ្រច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (O.P.C.W) ព្រមទាំងបានចូលរួមពីបណ្ដាប្រទេសដែលជារដ្ឋភាគីចំនួន ៣៣ ប្រទេស ហើយ កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់នៅថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
ថ្លែងបើកកិច្ចប្រជុំ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានសម្ដែង ការស្វាគមន៍ ចំពោះប្រធានប្រតិភូ និងគណៈប្រតិភូអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់ អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី និងសហការី ដែលបានមកចូលរួមកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី នៅខេត្តសៀមរាប។
ឯកឧត្តម បានបញ្ជាក់ថា ៖ វត្តមាននៃអាវុធគីមីគឺជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខ និងសុវត្ថិភាព នៅក្នុងតំបន់ក៏ដូចជាសាកលលោក។ ដូចច្នេះគ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុប
បំបាត់អាវុធគីមីឱ្យអស់តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ក្រោមការ ដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា O.P.C.W. ៕