ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតបំផ្លាញចោលគ្រឿងញៀនជិត៥ពាន់គីឡូក្រាម នៅខេត្តកំពង់ឆ្នាំង

58

កំពង់ឆ្នាំង៖ គ្រឿងញៀនចំនួនជាង ៤៧៦៧គីឡូ ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបាននៅក្នុងឆ្នាំ២០២២ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដុតកំទេចចោលនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងទីលានចាក់សំរាម ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាពលោក កេ ង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការរដ្ឋានអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានពុះពារបង្ក្រាបបានចំនួន ២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៥០នាក់ ស្រី១៦នាក់ជនជាតិចិន ៤នាក់ បើប្រៀបធៀបឆ្នាំ២០២១ កើនឡើងចំនួន៣ករណីគឺ ២១៥/២១២ ករណី ជនសង្ស័យ៥២៣/៥២០នាក់ ប្រៀបធៀបឆ្នាំ២០ ២៣មានការថយចុះចំនួន១៧៣ នាក់។

ដកហូតវត្ថុតាងសារធាតុញៀនសរុបចំនួន ៤ ៧៨០គីឡូក្រាម ៤៦៧,២៩ក្រាម សរុបស្មើនឹង ២១២ការ៉ុង , រឹបអូសរថយន្ត ១៦គ្រឿង ម៉ូតូ ៦៧ គ្រឿង ម៉ូតូកង់បី១គ្រឿង ទូរស័ព្ទដៃ២៣៥គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២៥គ្រឿង ម៉ាស៊ីនអ៊ុតវេចខ្ចប់ថ្នាំញៀន៣គ្រឿង ទូកបាឡាស្មាច់១ គ្រឿង ត្រូនថត១គ្រឿង បារីអេឡិចត្រូនិច៤ដើម ខ្សែក៣ខ្សែ ចិញ្ចៀន២វង់ ខ្សែដៃកថា១ខ្សែ លុយដុល្លារ ២០០០ដុល្លារ និងសម្ភារវេចខ្ចប់ថ្នាំញៀនជាច្រើនទៀត។ បទល្មើសសំអាតប្រាក់នៅក្នុងសំណុំរឿងគ្រឿងញៀនទាំង ២០៧ករណី រកឃើញនិងចោទប្រកាន់បានចំនួន២៣ករណីដែលមានជនសង្ស័យចំនួន៥៣នាក់ ស្រី២នាក់ ជនជាតិចិន៤នាក់។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា អនុលោមតាមស្មារតីនៃផែនការលេខ ២០៦ អជបគញ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃនេះគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនចោល មានប្រភេទ ហាយដ្រុកស៊ីលីម៉ាញ និងសារធាតុញៀនប្រភេទ កេតាមីន សរុបចំនួន៤៧៦៧,៨២៩គីឡូក្រាម ស្មើនឹង ២១១ការ៉ុង ក្រោមការត្រួតពិនិត្យរបស់ក្រុមការងារក្រសួងយុត្តិធម៌និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

ដោយឡែកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងលោក កេង សុម៉ារិទ្ធ បានថ្លែងកោតសរសើរចំពោះគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ដែលមានស្នងការដ្ឋាននគរបាលខេត្តកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការគ្នាបង្ក្រាបគ្រឿងញៀនទទួល លទ្ធផលបានយ៉ាងល្អប្រសើរដែលក្នុងថ្ងៃនេះ យើងបានធ្វើពិធីដុតកំទេចគ្រឿងញៀនជាង ៤.០០០គីឡូចោល។

ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺជាបញ្ហាសាកលដែលយើងទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ជាពិសេស គឺយុវជនដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ត្រូវតែនៅឱ្យឆ្ងាយពីគ្រឿងញៀន។

លោកទាំង២ បានឱ្យដឹងដែរថា យុវជនម្នាក់ដែលទទួលឥទ្ធិពលគ្រឿងញៀនពិតជាប៉ះពាល់ដល់សមាជិកនិងក្រុមគ្រួសារ ដែលអាចក្លាយទៅជាអ្នកប្រើអំពើហិង្សា លួចប្លន់ និងកាប់សម្លាប់ដើម្បីបានថវិកាទិញគ្រឿងញៀន។ ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ,គ្រឿងញៀ នបំផ្លាញការសិក្សានិងជីវិតដ៏ស្រស់ថ្លារបស់យុវជន បើស្រឡាញ់ខ្លួននិងក្រុមគ្រួសារ សូមមេត្តាកុំសែបគ្រឿងញៀន យុវជនដែលល្អគឺត្រូវចូលរួមគាំទ្រក្នុងការកំចាត់គ្រឿងញៀនពីសង្គមជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង