កម្ពុជា និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងបន្ដអនុស្សរណ:យោគយល់ផ្នែកវប្បធម៌ លើកទី៥
ភ្នំពេញ៖ នាថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសារមន្ទីរជាតិមានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកលើកទី៥ ដើម្បីបន្តអនុស្សរណៈនៃការយោគយល់គ្នា «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» រយៈពេលប្រាំឆ្នាំបន្តទៀត (២០២៣-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy រួមទាំងមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិកនឹងដាក់កម្រិតហាមប្រាមនូវការនាំចូលវត្ថុបុរាណ និងវត្ថុជាតិពន្ទុវិទ្យានៃព្រះរាជាណាចក្រកម្ពុជា និងបន្តនាំត្រឡប់មកវិញនូវត្ថុបុរាណ និងវត្ថុជាតិពិន្ទុវិទ្យាទាំងនោះសម្រាប់គោលបំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ដ្រ ដែលជាការផ្សព្វផ្សាយដល់សាធារណជនឲ្យយល់ដឹងកាន់តែច្បាស់ រួមទាំងជួយលើកតម្លៃបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា លើកដំបូង ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០០៣ ហើយបានបន្តនារៀងរាល់ ៥ឆ្នាំម្តង។
នៅក្នុងឱកាសពិធីចុះកិច្ចព្រមព្រៀងបន្តនាព្រឹកនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រឆាំងការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ដែលកើតមានអស់ជាច្រើនទសវត្សរ៍កន្លងមក។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងអំណរ គុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដការគាំទ្រ ការគាំពារ និងការអភិរក្សលើវិស័យវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។
នារយៈពេលកន្លងមកនេះ វត្ថុបុរាណជាង១០០ ពីសហរដ្ឋអាមេរិក បានបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។ គួររំលឹកផងដែរថា កម្ពុជាជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានអនុស្សរណៈយោគយល់គ្នានេះជាមួយសហរដ្ឋអាមេរិក៕
